ក្រុមប្រតិភូកីឡាជនពិការកម្ពុជាទៅដល់ទឹកដីជប៉ុនហើយដើម្បីចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក

68

ក្រុមប្រតិភូកីឡាជនពិការកម្ពុជា ដែលមាននាយបេសកកម្មម្នាក់ និងកីឡាករ វ៉ាន វ៉ុន ត្រូវប្រកួតលើវិញ្ញាសាប្រណាំងរទេះ កម្រិតពិការ T54 ១០០ម៉ែត្រ បានទៅទឹកដីនៃប្រទេសជប៉ុន ប្រកបដោយសុខសុវត្តិភាពហើយ ដើម្បីត្រៀមចូលរួមពិធីបើកជាផ្លូវការ នាថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo 2020 Paralympic Games)។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ការចំណាយទាំងស្រុងលើថ្លៃសំបុត្រយន្តហោះ និងការចំណាយផ្សេងៗទទួលបានការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីជាការលើកទឹកចិត្តរបស់សម្តេចតេជោជូនក្រុមប្រតិភូកីឡាពិការកម្ពុជា ក្នុងការបង្ហាញកិត្តិយស ក្នុងការប្រកួតកម្រិតពិភពលោកដ៏ធំរៀងរាល់៤ឆ្នាំម្តងនេះ។

ការប្រកួតកីឡាប៉ារ៉ាឡាំពិកនេះ គ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការនាថ្ងៃទី២៤ ខែសីហា និងពិធីបិទជាផ្លូវការនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ។ ចំពោះកម្ពុជា មាន២រូប គឺលោក យី សុភក្ត្រា ទទួលបន្ទុកនាយបេសកកម្ម គ្រូបង្វឹក និងកីឡាករ វ៉ាន វ៉ុន គ្រោងនឹងវិលត្រឡប់មកមាតុប្រទេសវិញ នាថ្ងៃទី០៧ ខែកញ្ញា។

Tokyo 2020 Paralympic Games នេះគឺជាការរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកហ្គេម ឆ្នាំ២០២០ ដែលទើបនឹងបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះ។ ឯកឧត្តម យី វាសនា បានចាត់ទុកថា ការខិតខំចូលរួមរបស់វិស័យកីឡាពិការកម្ពុជា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ លើកនេះមិនត្រឹមតែដើម្បីចូលរួមប្រកួតតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទូតនៃចំណងមិត្តភាព កម្ពុជា-ជប៉ុន និងបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។

បើទោះជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏កម្ពុជាស្ម័គ្រស្មោះក្នុងការបង្ហាញខ្លូនចូលរួម ក្នុងព្រឹត្តិការណ៍នេះផងដែរ។

ឯកឧត្តមក៏រំពឹង ការខិតខំរបស់កីឡាករ វ៉ាន វ៉ុន នឹងទទួលបាននូវលទ្ធផលល្អប្រសើរ បើទោះបីជាការហ្វឹកហាត់មិនពេញលេញ ក្នុងបរិបទកូវីដ-១៩នេះក្តី។ ម្យ៉ាងទៀត នេះក៏ជាការត្រៀមខ្លួន ក្នុងការត្រៀមខ្លួនឆ្ពោះប្រកួតប្រជែងមេដាយ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅវៀតណាម នាឆ្នាំ២០២២ ហើយក៏ជាការត្រៀមខ្លួន ក្នុងនាមជាកីឡាករសក្តានុពលសម្រាប់ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន