មេរោគកូវីដ-១៩នឹងមិនរលាយសាបសូន្យនោះទេ ខណៈជំងឺនេះនៅតែបន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់

79

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បង្ហាញទស្សនៈផ្ទាល់ខ្លួនថា មេរោគកូវីដ-១៩នឹងមិនរលាយសាបសូន្យនោះទេ ខណៈជំងឺនេះនៅតែបន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលនៅតែបន្តដាស់តឿនស្មារតី ក៏ដូចជាក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ជាប់ជាប្រចាំ ដោយមិនត្រូវភ្លេចខ្លួនឬធ្វេសប្រហែលនោះឡើយ ខណៈដែលមេរោគកូវីដ១៩មិនអាចរលាយសាបសូន្យភ្លាមៗបាននោះទេ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះមេរោគកូវីដ១៩នៅ តែបន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ហើយកាន់តែកាចសាហាវថែមទៀត ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភខ្លាំង ។ លោកជំទាវបញ្ជាក់ថា ការធ្វេសប្រហែស គឺអាចធ្វើឱ្យមានការឆ្លងកាន់តែលឿន ប្រឈមនឹងបញ្ហាសុវត្ថិភាព សុខភាព ហើយមិនអាចឆ្ពោះទៅកាត់ ផ្តាច់ជំងឺ នេះបានឡើយ។ សំឡេង ៖ « វីរុសកូវីដ១៩នេះមិនទាន់ទៅណាទេ ហើយយើងកុំរំពឹងថាវីរុសនេះនឹងរលាយ សាបសូន្យពីទឹកដីរបស់យើង ខ្ញុំអះអាងដូច្នេះ ពីព្រោះវីរុសនេះបានបំប្លែងខ្លួនជាបន្តបន្ទាប់ ហើយយើងមិនដឹងថាទៅថ្ងៃក្រោយបំប្លែងទៅជាអ្វីទៀតទេ ដោយឡែកយើងឃើញហើយថានៅលើសកលលោក បច្ចុប្បន្ននេះសម្រាប់ប្រភេទអាល់ហ្វាមាន១៩០ប្រទេសហើយ ដោយឡែកប្រភេទប៉ែតតាគឺមាន១៣៨ប្រទេស ដែលតាមាន១៤៨ប្រទេសហើយដោយឡែកហ្គាម៉ាគឺមាន៨២ប្រទេស នេះបង្ហាញថាវីរុសកូវីដ១៩ វានៅតែចិញ្ចឹមចិត្តនៅក្នុងការបង្កបង្កើតក៏ដូចជាការវិវឌ្ឍន៍ទៅមុខខ្លួនប្រាណរបស់វា ដើម្បីវ៉ៃលុកទៅលើសរីរាង្គរបស់មនុស្ស ហើយវីរុសនេះក៏វាដឹងដែរប្រសិនបើវានៅដដែលវាវ៉ៃលុកចូលក្នុងសរីរាង្គរបស់យើងភាគច្រើនដែលតាមបណ្ដាប្រទេសខ្លះក៏មានវ៉ាក់សាំងដើម្បីវ៉ៃបកត្រឡប់ទៅវិញ អ៊ីចឹងហើយបានជាវីរុសនេះគេមានលទ្ធភាពរបស់គេមួយទៀតគឺបំប្លែងខ្លួនរបស់វា » ។ លោកជំទាវ បានបន្ថែមទៀតថា បើទោះបីជាប្រជាពលរដ្ឋទទួល បានវ៉ាក់សាំងកូវីដ១៩រួចរាល់ហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តវិធានសុខាភិបាល និងវិធានការដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួនជាទីបំផុត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះឱ្យមានប្រសិទ្ធភាព ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៩៦នាក់ មានឣ្នកជាសះស្បើយ ចំនួន ៥៧៥នាក់ និងមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១៤ នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន