កំពត៖ ក្រោយមានប្រជាពលរដ្ឋ សំណូមពរដល់ថ្នាក់ដឹកនាំខេត្តជួយអន្តរាគមន៍ ករណីមន្ត្រីនគរបាល បោះបង្គោលបិទផ្លូវ មិនឲ្យពួកគាត់ប្រើ និងបង្កជាជម្លោះដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ។ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តកំពត ដែលដឹកនាំដោយឯកឧត្តម ជាវ តាយ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាសម្របសម្រួលរកដំណោះស្រាយ ចំពោះបញ្ហានេះ។

ក្នុងកិច្ចពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋដែលមានទំនាស់ បូករួមនិងលោក គឹម សោភ័ណ្ឌ ដែលជាមន្ត្រីនគរបាលនោះផងដែរ។

ក្នុងការសម្របសម្រួល ដ៏យកចិត្តទុកដាក់នេះ ជាលទ្ធផលបង្ហាញថា ឯកឧត្តម ជាវ តាយ អភិបាល នៃគណអភិបាលខេត្តកំពត បានស្នើរឲ្យលោក គឹម សោភ័ណ្ឌ ធ្វើសម្បទាន ដោយដកបង្គោល របងដែលបោះបិទផ្លូវ បើកឲ្យពលរដ្ឋប្រើប្រាស់បានទាំងអស់គ្នា ដើម្បីទុកជាផ្លូវសាធារណៈ ចៀសវាងប្រើការអនុវត្តច្បាប់តាមផ្លូវតុលាការ។

ដោយឯកឧត្តមបានបញ្ជាក់ថា ការស្នើរសុំឲ្យ លោក គឹម សោភ័ណ្ឌ បើកផ្លូវនេះ គឺធ្វើដើម្បីយើងចំណេញ ទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ព្រោះថាបើតាមការសិក្សាមើលបច្ចុប្បន្ន លោក គឹម សោភ័ណ្ឌ បានលក់ដីឡូតិ៍តំបន់នោះអស់បាត់ទៅហើយ សល់តែមួយចំនួនតូចតែប៉ុណ្ណោះ ដូច្នេះផ្លូវចូលដីឡូតិ៍នោះត្រូវក្លាយជាផ្លូវ ប្រើប្រាស់រួម មិនមែនជាកម្មសិទ្ធិផ្តាច់មុខ របស់ម្ចាស់ដីឡូតិ៍ទៀតទេ។

ម្យ៉ាងវិញទៀត ដីដែលជាផ្លូវមួយចំនួននោះ កន្លែងខ្លះត្រូវបានជំនាញរកឃើញថា ជាប្រឡាយទឹក ឬជាភ្លឺភ្លោះ ដែលជាសម្បត្តិសាធារណៈស្រាប់ផង ដូច្នេះអាជ្ញាធរខេត្ត មានតែសំណូមពរ លោក គឹម សោភ័ណ្ឌ ឲ្យសម្រួល ជាមួយពលរដ្ឋ ដោយឈប់ចាត់ទុកថាផ្លូវទាំងនោះរបស់កម្មសិទ្ធិរបស់ខ្លួនផ្តាច់មុខទៀត និងសុំឲ្យបើក របងជូន ពលរដ្ឋ អាចប្រើផ្លូវបានទាំងអស់គ្នា ដើម្បីបញ្ចប់រឿងជាមួយពលរដ្ឋ ចៀសវាងមានការអនុវត្តតាមច្បាប់។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ដែរថា ការចូលរួមសម្របសម្រួលនាពេលនេះ អាជ្ញាធរមិនចង់ឲ្យពលរដ្ឋ និងលោក គឹម សោភ័ណ្ឌ វែកញែកពីមូលហេតុ ឬកំហុសគ្នាទៅវិញទៅមកទេ ដោយសុំឲ្យភាគីពលរដ្ឋ និងនគរបាលខេត្ត សាមគ្គីគ្នាឡើងវិញ និងអនុគ្រោះឲ្យគ្នាទៅវិញទៅមក។

ឆ្លើយតបនឹងសំណូមពររបស់អាជ្ញាធរខេត្ត ដែលសុំឲ្យដកបង្គោលបើកផ្លូវឲ្យពលរដ្ឋនេះ លោក គឹម សោភ័ណ្ឌ ឬហៅថា តូច គឹមអាង ជាមន្ត្រីនគរបាលស័ក្ត៤ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងបកស្រាយថា ជុំវិញរឿងសំណូមពររបស់អភិបាលខេត្តនេះ លោកនឹងសុំទុកពេលពិចារណាសិន នៅថ្ងៃទី២៧ ខែកុម្ភៈនេះ លោកនឹងផ្តល់ចម្លើយថាព្រម ឬមិនព្រម ពីព្រោះហេតុផលថា ដីឡូតិ៍ទាំងអស់នោះ មានភាគហ៊ុន ជំទាវម្នាក់ចូលរួមផងដែរ ហើយបច្ចុប្បន្ននេះ គាត់កំពុងទៅក្រៅប្រទេស ដូច្នេះទើប លោកមិនទាន់ អាចសម្រេចម្នាក់ឯងបាន។

យ៉ាងណាក៏ដោយ ក្នុងការទទូចស្នើរសុំនេះ អាជ្ញាធរខេត្តបានបញ្ជាក់ បើសិនលោក គឹម សោភ័ណ្ឌ ព្រមឯកភាពតាមសំណើររបស់អាជ្ញាធរខេត្តនេះ រដ្ឋបាលខេត្តនឹងមាន មធ្យោបាយគ្រប់គ្រាន់ ក្នុងការដកបង្គោលបេតុងនោះ ជូនពលរដ្ឋដោយខ្លួនឯង មិនចាំបាច់ត្រូវចំណាយប្រាក់របស់លោក គឹម សោភ័ណ្ឌ ទេ។ ហើយក្នុងសាច់រឿងនេះ មិនមែនបាត់ដី ឬខាតលោក គឹម សោភ័ណ្ឌ ទេ គ្រាន់តែបើកផ្លូវតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ ក៏ជាថ្ងៃដែលតុលាការកោះហៅប្រជាពលរដ្ឋ និងមន្ត្រីជំនាញ តាមបណ្តឹង របស់លោក គឹម សោភ័ណ្ឌ ផងដែរ ដែលពាក់ព័ន្ធរឿងនេះ។ ក្រោយការសម្រប សម្រួល យ៉ាងយកចិត្តទុកដាក់ ពីសំណាក់អភិបាលខេត្តកំពតនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានទំនាស់ ជាមួយលោក គឹម សោភ័ណ្ឌ បានសំដែងការត្រេកអរ និងសង្ឃឹមយ៉ាងមុតមាំ នូវការសម្រេច ចិត្តវិជ្ជមាន ពីសំណាក់ លោក គឹម សោភ័ណ្ឌ តាមរយៈការស្នើរសុំរបស់អាជ្ញាធរខេត្តនេះ។

ហើយពួកគាត់ក៏សង្ឃឹមថា ការដោះស្រាយរបស់អាជ្ញាធរខេត្ត នឹងបានលទ្ធផលឆាប់ៗជូនពលរដ្ឋ ព្រោះថាកន្លងមក មានពួកគាត់ខ្លះ បានពិបាកចិត្តស្រក់ទឹកភ្នែក និងខ្លះទៀតជាប់គាំងផ្នែកដីធ្លី មិនអាចអភិវឌ្ឍន៍ទៅជាលំនៅឋានបាន ដោយសារតែគ្មានផ្លូវចូល។

គួរបញ្ជាក់ដែរថា ក្រោយពេលបញ្ចប់កិច្ចសម្របសម្រួលភ្លាម អភិបាលខេត្តកំពត បានបញ្ជាឲ្យ មន្ត្រីជំនាញ និងអាជ្ញាធរស្រុក ចុះវាសវែង និងយកគ្រឿងចក្រទៅឈូសដីដែលបិទផ្លូវពលរដ្ឋមុនគេ នៅចំណុចគល់ ស្ពានព្រះពន្លា ក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលជាដីរបស់លោក គឹម សោភ័ណ្ឌ លក់បនុ្តឲ្យអ្នកដ៏ទៃ ហើយត្រូវបានចាក់ដីទួលបាំងផ្លូវពលរដ្ឋ។

ចំពោះករណីផ្លូវផ្សេងទៀត ដែលនៅភូមិកំពង់គ្រែង ឃុំដដែលនេះ ពាក់ព័ន្ធនឹងលោក គឹម សោភ័ណ្ឌ រដ្ឋបាលខេត្តទុកពេលឲ្យលោកឆ្លើយតប នៅថ្ងៃទី២៧ ខាងមុខនេះសិន ទើបសម្រេចបន្ថែមទៀត ហើយ ក្នុងរឿងនេះដែរ ក៏មានទីតាំងផ្លូវដែលមានជម្លោះក្នុងឃុំទៀតផងដែរ រវាងពលរដ្ឋ និងលោក គឹម សោភ័ណ្ឌ តែអាជ្ញាធរសូមដោះស្រាយបញ្ចប់ក្នុងឃុំកំពង់គ្រែងសិន ទើបឈានទៅដោះស្រាយនៅឃុំផ្សេងទៀត៕ អត្ថបទ៖ Cam Asia