រដ្ឋមន្ត្រីបង្រួបបង្រួមរបស់កូរ៉េខាងត្បូងជួបពិភាក្សាជាមួយប្រេសិតនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកស្តីពីកូរ៉េខាងជើង

171

ការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួម លោក Lee In-young បានជួបជាមួយប្រេសិតរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង និងបានពិភាក្សាអំពីវិធីសាស្រ្តសម្របសម្រួលមួយដើម្បីចាប់ផ្តើមកិច្ចចរចាដែលជាប់គាំងជាមួយទីក្រុងព្យុងយ៉ាង។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Lee និងអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក Sung Kim បានចែករំលែកទស្សនៈរួមរបស់ពួកគេអំពីស្ថានភាពបច្ចុប្បន្ន និងពិភាក្សាអំពីរបៀបបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយក្រោយកិច្ចប្រជុំនោះថា លោក Lee បានសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តសម្រាប់ការចូលរួមនឹងទទួលបានជោគជ័យ និងបានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីគ្រប់គ្រងស្ថានការណ៍នៅឧបទ្វីបប្រកបដោយស្ថេរភាព។

លោក Kim បាននិយាយថា សហរដ្ឋអាមេរិកមិនមានបំណងអរិភាពចំពោះកូរ៉េខាងជើងទេ ដោយលោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងទ្វេភាគីឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងតាមរយៈការទូត និងការចូលរួមរួមទាំងផ្នែកជំនួយមនុស្សធម៌៕

ប្រភព៖ ក្រសួងព័ត៌មាន