កម្មវិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​អាណត្តិ​ទី​ពីរ​បស់​អ្នកស្រី Tsai Ing-wen នឹងត្រូវ​លើក​ពេល​បណ្ដោះអាសន្ន ស្របពេល​ការកើនឡើង​ក្ដីបារម្ភ​ពី​ការ​រាល​ដា​លកូ​រ៉ូ​ណាវី​រុស​។ អ្នកស្រី Tsai និយាយ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ថា ការលើក​ពេលនេះ នឹង​អនុញ្ញាត​ឲ្យ​មានការ​សម្រួច​ការយក​ចិត្ត​ទុកដាក់​តែ​លើ​ការងារ​ទប់ស្កាត់​វីរុស​ថ្មី​។ ដោយឡែក អាជ្ញាធរ​ទទួលបន្ទុក​គ្រប់គ្រង​វីរុស​របស់​កោះ​នេះ ក៏​ស្នើ​គ្រូពេទ្យ​ទាំងអស់ កុំ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​ស្ថិតក្នុង​បញ្ជី​ហាមឃាត់​ផងដែរ​។​

អ្នកស្រី Tsai Ing-wen បាន​បញ្ជា​ឲ្យ​ផ្អាក​រាល់​ការរៀបចំ​ពិធី​សច្ចាប្រណិធាន​របស់​អ្នកស្រី​ដែល​គ្រោង​ធ្វើ​នៅ​ខែឧសភា​ខាងមុខ ហើយ​បង្វែរ​ការយកចិត្តទុកដាក់​ទាំងអស់​លើ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) វិញ​។ អ្នកស្រី Tsai បាន​ជាប់ឆ្នោត​ភ្លូកទឹកភ្លូកដី​ជា​ប្រធានាធិបតី​តៃវ៉ាន់​អាណត្តិ​ទី​ពីរ​ក្នុងការ​បោះឆ្នោត​ខែមករា​កន្លងទៅ បន្ទាប់ពី​ផ្ដួល​បេក្ខជន​ចម្បង​មកពី​បក្សប្រឆាំង​។
«​ដរាបណា​នៅតែមាន​ក្ដីបារម្ភ​ពី​ពី​ការ​រាលដាល គ្មាន​កម្មវិធី​ធំដុំ​ណាមួយ​ដើម្បី​អបអរ​ការស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែឧសភា ត្រូវបានធ្វើ​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Tsai ដែល​ផ្សាយ​ដោយ​កាសែត​ហុងកុង South China Morning Post ។
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែកុម្ភៈ ករណី​ឆ្លង​នៅ​តៃវ៉ាន់​មាន​ចំនួន​៣២ និង​ស្លាប់​ម្នាក់​។ លើ​ឆាក​អន្តរជាតិ តួលេខ​របស់​តៃវ៉ាន់ ច្រើន​រាប់បញ្ចូល​ជាមួយ​តួលេខ​របស់​ចិន ព្រោះ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន​។ កន្លងទៅ តៃវ៉ាន់ បាន​តវ៉ា​ទៅកាន់​អង្គការ​សុខភាព​ពី​រឿងនេះ ដោយ​អះអាងថា ការទទួល​ទិន្នន័យ​របស់ខ្លួន​ពី​ចិន មិនមែនជា​រឿង​ត្រឹមត្រូវ ហើយ​ចិន​ក៏​សូវ​បាន​ចែករំលែក​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះដែរ​។​
​ជា​វិធាន​ការបង្ការ អាជ្ញាធរ​តៃវ៉ាន់ ក៏បាន​ហាម​គ្រូពេទ្យ​ទាំងអស់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​រដ្ឋាភិបាល​កំណត់ថា មាន​គ្រោះថ្នាក់​។ ក្នុង​សេចក្ដីសម្រេច​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​តៃវ៉ាន់​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ បំរាម​ធ្វើដំណើរ​នេះ នឹង​អនុវត្ត​ដល់​ខែមិថុនា​ខាងមុខ ក្នុង​គោលដៅ​ធានា​ចំនួន​គ្រូពេទ្យ​ក្នុងស្រុក​ដើម្បី​ទប់ទល់​ស្ថានការណ៍​អាក្រក់​ណាមួយ​ដែល​អាច​កើតឡើង​។ សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ខ្លះ​ដែល​ស្ថិតក្នុង​បញ្ជី​ត្រូវ​ប្រុងប្រយ័ត្ន គ្រូពេទ្យ​តៃវ៉ាន់ ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ដែរ​។​
​លើសពីនោះ អាជ្ញាធរ​តៃវ៉ាន់ ក៏​ស្នើ​ឲ្យ​លុបចោល​ការជួបជុំ​បែប​សាសនា​មាន​មនុស្ស​ចូលរួម​ច្រើន​ដើម្បី​បញ្ចៀស​ការឆ្លង​ទ្រង់ទ្រាយ​ធំ​។ តៃវ៉ាន់ ទំនង​បារម្ភ​ខ្លាំង​ពី​បញ្ហា ក្រោយ​មើលឃើញ​ករណី​ឆ្លងតាម​ការជួបជុំ​បែបនេះ​នៅ​កូរ៉េខាងត្បូង ដែល​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​លើស​មួយ​ពាន់​នាក់​ទៅហើយនោះ ហើយ​រំ​ពឹ​ថា នឹង​បន្ត​រកឃើញ​ច្រើន​ថែមទៀត​៕