ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែមីនា នេះ​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ជាង​៣០០០​នាក់​ហើយ ។ ចិន​មាន​កំណើន​អ្នកស្លាប់​៤២​នាក់​ពី​ខេត្ត​ហ៊ូ​ប៉ី ខណៈ​សាំង​ម៉ា​រ៉ាំ​ង​ក្លាយជា​ប្រទេស​ទី​១១​ដែលមាន​ករណី​ស្លាប់​។​

តាម​របាយការណ៍​គណៈកម្មការ​សុខាភិបាល​ជាតិចិន ករណី​ឆ្លង​ឡើង​ជិត​ដល់​៨៩ ០០០​នាក់ ដោយ​ជាង​៨០០០​ករណី​ស្ថិតនៅ​ចិន​។ ខណៈ​តួលេខ​នៅ​ចិន មាន​អត្រា​ថយចុះ​ជា​បន្តបន្ទាប់ ករណី​ឆ្លង មានការ​កើនឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅតាម​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​បច្ចុប្បន្ន​មាន​៦៤​ប្រទេស​ដែល​រកឃើញ​ករណី​ឆ្លង​។​
​​
​កូរ៉េខាងត្បូង​ឡើងដល់​ជាង​៣៧០០​នាក់ អ៊ីតាលី ជាង​១៧០០​នាក់ អ៊ីរ៉ង់​ជាង​៩៧០​នាក់ ជប៉ុន រួមទាំង​នាវា Diamond Princess មាន​សរុប​ប្រមាណ​១០០០​នាក់ ខណៈ​បារាំង អាល្លឺម៉ង់ និង​សិង្ហ​បុរី ចូល​ខ្ទង់រយ​នាក់​។ ប្រទេស​ជាង​២០​មាន​តួលេខ​អ្នក​ឆ្លង​ឡើង​២​ខ្ទង់ រីឯ​៣៧​ប្រទេស​ទៀត មាន​តួលេខ​ក្រោម​១០​ករណី​។​

​ចក្រភព​អង់គ្លេស បច្ចុប្បន្ន​ឡើងដល់​៣៦​ករណី ដោយ​ប្រទេស​ទាំងអស់​រួមមាន អង់គ្លេស វេ​លស៍ អៀរ​ឡង់​ខាងជើង និង​ស្កុ​តឡែ​ន សុទ្ធតែ​រកឃើញ​ករណី​ឆ្លង​។​

​ប្រទេស​ដែលមាន​ករណី​ស្លាប់​រួមមាន ចិន ២៩១៥​នាក់​, អ៊ីរ៉ង់ ៥៤​នាក់​, អ៊ីតាលី ៤១​នាក់ កូរ៉េខាងត្បូង ២១​នាក់ នាវា Diamond Princess ៧​នាក់ ជប៉ុន ៦​នាក់ បារាំង​២​នាក់ ខណៈ ថៃ អាមេរិក អូស្ត្រាលី សាំង​ម៉ា​រាំង និង​ហ្វីលីពីន មាន​១​ករណី​រៀងៗ​ខ្លួន​។​

​ប្រទេស​ដែល​កើត​ហើយ​តែ​ព្យាបាល​សះស្បើយ ហើយ​មិនទាន់​រកឃើញ​ករណី​ថ្មី​ទៀត​នោះ​រួមមាន ឥណ្ឌា រុស្ស៊ី កម្ពុជា ណេ​ប៉ាល់ ស្រីលង្កា​។ ហ្វីលីពីន មាន​៣​ករណី ដោយ​សះស្បើយ​២​ករណី និង​ស្លាប់​១​ករណី​។​

​អ្នកជំងឺ​ជាង​៤៥០០០​នាក់​ហើយ ដែល​បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕