គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា ម្សិលមិញ ពលរដ្ឋ​ទាំង​ខ្មែរ និង​បរទេស ចំនួន​១៣៥​នាក់​ហើយ​ដែល​បានធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ដើម្បី​ពិនិត្យរ​កកូ​រ៉ូ​ណាវី​រុស (COVID-19) ប៉ុន្តែ​លទ្ធផល​សុទ្ធតែ​អវិជ្ជមាន​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នា​សន្និសីទ​សារព័ត៌មាន ដោយ​មិន​រាប់បញ្ចូល​ករណី​អ្នកដំណើរ​៤១​ជាតិ​សាសន៍​ជាង​២០០០​នាក់​ពី​នាវា Westerdam កន្លងមក​នោះឡើយ​។

អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមពីលើអំណះអំណាងរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបញ្ជាក់ថា កម្ពុជាមិន​ទាន់មានករណីឆ្លងទៀតនោះឡើយ ក្រៅពីករណីបុរសចិនម្នាក់កន្លងមកនៅ​ខេត្ត​ព្រះសីហនុ។

រដ្ឋមន្ត្រី​សុខាភិបាល បាន​លើក​ឡើងពី​កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល​ក្នុងការបំពាក់ឧបករណ៍តាមដាន និង​ត្រួតពិនិត្យនៅ​តាម​អាកាសយានដ្ឋាន និងច្រកព្រំដែន ក៏ដូចជាសារអប់រំផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង​ COVID-19 នៅ​ក្នុង​ប្រទេស។ លោក​បាន​អះអាងថា មន្ទីរពេទ្យ​រុស្ស៊ី មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងបណ្តាមន្ទីរពេទ្យ​តាមខេត្ត សុទ្ធតែត្រៀម​លក្ខណៈរួចជាស្រេច​ក្នុងការឆ្លើយ​តបស្ថានការណ៍នេះ៕