បទយកការណ៍៖ មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ នឹងផ្តោតទៅលើការផ្សព្វផ្សាយសិល្បៈទស្សនីយភាព ការតាំងពិព័រណ៍ និងបញ្ចាំងខ្សែភាពយន្ត

47

មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា ក្រសួង និងដៃគួ នឹងរៀបចំព្រឹត្តិការណ៍នេះ នៅក្នុងរង្វង់ថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ទាក់ទិននឹងព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដ៏សំខាន់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាព លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ដោយអង្គប្រជុំបានពិនិត្យ និងតាមដានលើដំណើរការត្រៀមរៀបចំ វឌ្ឍនភាពការងារ និងភារកិច្ចត្រូវអនុវត្តបន្តរបស់អនុគណៈកម្មការនីមួយៗ ដូចជាការងារត្រៀមដែលផ្តោតទៅលើ ការតាំងពិព័រណ៍ មហោស្រពសិល្បៈ ភាពយន្ត កិច្ចការពិធីការ និងការធ្វើរបាយការណ៍វឌ្ឍនភាពការងារជាប្រចាំ ពីអនុគណៈកម្មការនីមួយៗ។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ព្រមទាំងជាអនុប្រធានអនុគណៈកម្មការសម្របសម្រួលការរៀបចំព្រឹត្តិការណ៍ក្រៅពីកិច្ចប្រជុំកំពូល បានមានប្រសាសន៍ថា មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសដែលបានបញ្ជាក់ពីការចូលរួមគឺមានប្រមាណជា ជាង ១០ប្រទេសហើយ មានទាំងអាស៊ីអគ្នេយ៍ អាស៊ីផ្សេងទៀត និងពីអឺរ៉ុប ។

ឯកឧត្តមបានមានប្រសាសន៍ថា ប្រទេសដែលបានបញ្ជាក់ពីការចូលរួមមកពីអាស៊ីអាគ្នេយ៍យើងនេះមាន ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ហើយអាស៊ីផ្សេងទៀតមានដូចជា ឥណ្ឌា ជប៉ុន និងរុស្ស៊ី ហើយប៉ែកខាងអឺរ៉ុបនោះ គឺមាន ឆេក អ៊ីតាលី ប៉ូឡូញ និងអេស្ប៉ាញ ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា “យើងនឹងអាចដឹងចំនួនប្រទេសចូលរួមលំអិតបន្ថែមទៀត បន្ទាប់ពីថ្ងៃទី១០ ខែកញ្ញា ខាងមុខ“។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ “ យើងកំពុងតែរង់ចាំការបញ្ជាក់ប្រទេសចូលរួមបន្ថែមទៀតនៅសប្តាហ៍ក្រោយ បន្ទាប់ពីយើងបញ្ចប់នូវកិច្ចប្រជុំមួយទៀតជាមួយនឹងមូលនិធិ អាស៊ី-អឺរ៉ុប នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។ ចំនួនប្រទេសដែលបានអះអាងចូលរួមនៅពេលនេះគឺនៅមិនទាន់ច្បាស់លាស់មែនទែននៅឡើយទេ ប្រទេសខ្លះដែលពីមុនតែងតែអះអាងថានឹងចូលរួមនោះ គឺនៅមិនទាន់បញ្ជាក់ផ្លូវការអស់នៅឡើយ ប៉ុន្តែក្រុមការងារយើងខ្ញុំបានត្រៀមរៀបចំព្រឹត្តិការណ៍នេះរួចអស់ហើយ“។

ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះយើងគ្រោងរៀបចំមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ប៉ុន្តែយើងបិទនៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលនេះដែរ។ សូមបញ្ជាក់ថា ដំណើរការនៃការរៀបចំព្រឹត្តិការណ៍អមមួយនេះ គឺនឹងរៀបចំតាមទម្រង់ជាវីដេអូអនឡាញភាគច្រើន ដោយបែងចែកជាសកម្មភាពបីសំខាន់ៗ គឺ សកម្មភាពទីមួយ សិល្បៈទស្សនីយភាព សកម្មភាពទីពីរ ការតាំងពិព័រណ៍ ហើយសកម្មភាពទីបី គឺយើងរៀបចំបញ្ចាំងខ្សែភាពយន្តខ្នាតខ្លី ខ្នាតវែង និងភាពយន្តឯកសារ។

ដោយឡែកសកម្មភាពទីមួយ និងទីបី យើងធ្វើតាមអនឡាញទាំងអស់ លើកលែងតែពិធីតាំងពិពណ៌គឺយើងគ្រោងរៀបចំនៅសារមន្ទីរជាតិ ដោយយើងគ្រោងរៀបចំជាទម្រង់ពាក់កណ្តាលរូបវ័ន្ត និងអនឡាញ ឬយើងនិយាយថាកូនកាត់។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ៖ “កម្មវិធីនេះមានរយៈពេលពេញ ៥ថ្ងៃ ដោយរៀបចំតាំងពីថ្ងៃទី២២ រហូតដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នេះតែម្តង“។

ឯកឧត្តមបានបន្តទៀតថា ប្រសិនបើរៀបចំតាមទម្រង់ជារូបវ័ន្តធម្មតាដូចកន្លងមក គឺយើងអាចត្រូវការពេលវេលារៀបចំកម្មវិធីយូរជាងនេះ ដោយសារតែនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដោយព្រឹត្តិការណ៍នេះមានប្រទេសចូលរួមទាំងអស់ រហូតដល់ទៅ ៥១ប្រទេស ហើយបូកនឹងដៃគូ គឺរហូតដល់ទៅ ៥៣។ ព្រឹត្តិការណ៍នេះ មិនអាចរៀបចំ ដូចជាកិច្ចប្រជុំផ្សេងទៀតឡើយ ពីព្រោះនេះគឺជាពិធីវប្បធម៌ ដែលទាមទារទាំងការរៀបចំកម្មវិធី ឯកសារ និងការសម្ដែង។

មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប គឺជាមហោស្រពសិល្បៈសាធារណៈមួយដែលបង្ហាញពីស្នាដៃសិល្បៈ និងវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី និងអឺរ៉ុប។ នេះគឺជាព្រឹត្តិការណ៍ឆ្លុះបញ្ចាំងពីអន្តរវប្បធម៌ និងសិល្បៈរវាងទ្វីបទាំងពីរ នៅក្នុងគោលបំណងបង្កើនការយល់ដឹងជារួមនូវទស្សនៈ និងគុណតម្លៃរបស់ប្រទេសសមាជិក ដើម្បីបង្កើនកិច្ចសហការ និងការអភិវឌ្ឍនៅក្នុងភាពជាដៃគូដើម្បីផលប្រយោជន៍ទាំងអស់គ្នា និងនៅក្នុងទ្វីបទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន