ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក សួង ហួត ប្រធាន  NACC បានរៀបចំធ្វើបទបង្ហាញមួយតាមបណ្តាញអនឡាញស្តីពី វ៉ាក់សាំងចិនជួយជីវិតកម្មករកម្ពុជា ហើយប្រភពកូវីដ១៩ មិនគួរយកធ្វើជាលេសនយោបាយទេ។

លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានគាំទ្រនឹងការលើកឡើងពីភាគីចិនចំពោះការចោទប្រកាន់ដោយអយុត្តិធម៌ពីអាមេរិក។ លោកបន្ថែមថា ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដ ដោយអាមេរិក បានយកស្ថានភាពជំងឺCovid-19 មកលាបពណ៌ចិន ហើយលើសពីនេះ អាមេរិកបានយកបញ្ហាជំងឺCovid-19 បំពាក់សញ្ញាលើគេឯង រំខានការសម្របសម្រួលរបស់ WHO លើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺCovid-19 ជាពិសេសការរីករាលដាលនៅអាមេរិក។

អង្គពិធីទាំងមូលបានឯកភាពថា WHO ត្រូវតែសិក្សាស្រាវជ្រាវពីមន្ទីរពិសោធន៍នានារបស់អាមេរិកដែលជាពិសេសគឺមន្ទីរពិសោធន៍ Fort Detrick ដើម្បីបញ្ឈប់ការប្រើប្រាស់លេសនានារបស់អាមេរិកលាបពណ៌ភាពបរិសុទ្ធរបស់ចិន។

ដោយឡែក លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជាសកលនៃជំងឺCovid-19 គួរតែពិភពលោករួមសាមគ្គីគ្នា សហការគ្នាក្នុងនាមជាសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។ អង្គពិធីទទួលស្គាល់ថា របាយការណ៍ស្រាវជ្រាវរវាងចិន និងWHO គឺប្រទេសចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុស។ ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមនៃជំងឺវីរុសជាមួយអង្គការWHO បានអញ្ជើញអ្នកជំនាញអង្គការWHO បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុងWUHAN។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគណបក្សនយោបាយ សង្គមស៊ីវិល ក្រុមបញ្ញាញាណនៃបណ្តាប្រទេសជាង១០០បានផ្ញើសារទៅកាន់ថ្នាក់ដឹកនាំអង្គការWHO និងបានចេញសេចក្តីថ្លែងការណ៍ និងលិខិតសារទូតជាដើមដើម្បីប្រឆាំងនឹងការយកបញ្ហាជំងឺវីរុសមកធ្វើនយោបាយតូបនីយកម្ម ដោយគាំទ្ររបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិន និងអង្គការWHO ស្តីអំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស។ សហគមន៍អន្តរជាតិកំពុងចោទជាសំណួរថា តើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពី Fort Detrick? តើពេលណាអាចអនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការWHO ក៍ដូចជាប្រទេសជាច្រើនទៀត?

លោកសួង ហួត បានលើកឡើងថា បើយើងនិយាយពីបញ្ហាវ៉ាក់សាំង នៅលើសកលលោកវាស្ទើតែក្លាយទៅជាសង្គ្រាមដណ្តើមវ៉ាក់សាំងគ្នារវាងប្រទេសមហាអំណាចមួយចំនួនទៅហើយ ដូច្នេះហើយទើបយើងឃើញថា ប្រទេសខ្លះមានវ៉ាក់សាំងចាក់អោយប្រជាពលរដ្ឋគេបានច្រើន ប្រទេសខ្លះទៀតរកវ៉ាក់សាំងចាក់អោយប្រជាពលរដ្ឋខ្លួនមិនបាន ជាពិសេសប្រទេសក្រីក្រដែលធ្វើអោយមានអតុល្យភាពនៃការទទួលវ៉ាក់សាំងរវាងប្រទេសមហាអំណាច និងប្រទេសតូចតាច។ហើយកន្លងមកយើងឃើញថា អង្គការសុខភាពពិភពលោកក៍ធ្លាប់បានសំដែងការព្រួយបារម្មរបស់ខ្លួនចំពោះបញ្ហាបែងចែកវ៉ាក់សាំងនេះដែរ។

ដោយឡែក ទាក់ទងនិងកម្ពុជា បញ្ហាវ៉ាក់សាំង គឺយើងមិនមានបញ្ហាដូចប្រទេសដទៃឡើយ នេះគឺដោយសារភាពឆ្លាតវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកមានទំនាក់ទំនងល្អជាមួយប្រទេសចិន ដែលជាមិត្តដែកថែប។ រហូតមកដល់ពេលនេះ គឺប្រជាពលរដ្ឋយើងបានទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ ជាង១០លាននាក់ ស្មើ៨៥% ហើយនៅបណ្តាប្រទេសមួយចំនួន គឺមិនទាន់មានវ៉ាក់សាំងចាក់នៅឡើយទេ ដោយឡែកយើងចាក់រហូតដល់ដូសទី៣ និងចាក់ដល់ក្មេងអាយុចាប់ពី ១២ឆ្នាំ ឡើងថែមទៀត។

លោក សួង ហួត បានបញ្ជាក់ថា ដោយសារវ៉ាក់សាំងនេះបានធ្វើអោយកម្មករ មានសុវត្ថិភាពការងារ មានការងារធ្វើ  មានប្រាក់ចំណូល មិនប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ រោងចក្រសហគ្រាសនៅតែអាចដំណើរការសង្វាក់ផលិតកម្មនិងមិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិថែមទៀតផង។

ហើយក្នុងនាមលោកជួសមុខអោយកម្មករនិយោជិតកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបាន  ផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់កម្មករ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ហើយក៍សូមអរគុណដល់ មិត្តចិនដែលបានជួយឧបត្ថម្ភវ៉ាក់សាំងបានទាន់ពេលវេលាក្នុងគ្រាដែលកម្ពុជាកំពង់ត្រូវការ។

លោក សួង ហួត ក៍បានថ្លែងអំណរគុណចំពោះសហជីពចិនដែលបានផ្តល់ជំនួយដល់ NACC នៅក្នុងបរិបទកូវីដ១៩ នេះរួមមាន៖ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដចំនួន ២០គ្រឿង និងសម្ភារះសម្រាប់បាញ់ថ្នាំ ក្នុងនោះមានខោអាវស្លៀកបាញ់ថ្នាំ ២០កំផ្លេរ  ស្បែកជើង ២០គូរ  ស្រោមដៃ២០ គូរ  មួក២០  វ៉ែនតាការពារ២០ ម៉ាស់ចំនួន៧២ម៉ឺនម៉ាស់ ក្នុងនោះសហជីពទូទាំងប្រទេសចិនចំនួន ៣០ម៉ឺនម៉ាស់ និងសហជីពខេត្តយូណាន ៤២ម៉ឺនម៉ាស់ បូករួមទាំងថ្លៃដឹកជញ្ជូនថែមទៀត។

បន្ទាប់ពីទទួលបានសម្ភារះទាំងអស់នេះមក  NACC បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីសាធារណះនានា  ផ្សារ  ក្រសួង មន្ទីរ សាលាខណ្ឌ សង្កាត់  សាលប្រជុំ មន្ទីរបក្ស រោងចក្រ សហគ្រាស បន្ទប់ជួលរបស់កម្មករ និងបានធ្វើការបែងចែកបន្ត ម៉ាស់ទៅដល់ ក្រសួង  មន្ទីរ ខណ្ឌ សង្កាត់ សហជីព ជាពិសេសគឺបានចែកជូនដល់កម្មកររោងចក្រថែមទៀតផង៕