(ខេត្តសៀមរាប) កាលពីថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២០ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រោមការសម្របសម្រួលដោយផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនប្រឆាំងបទ ល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា ទីតាំងបង្ក្រាបនេះ គឺលក់ផលិតផលគ្រឿងឧបភោគ បរិភោគខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់ និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មី) ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកបរិភោគ។

ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងរកឃើញវត្ថុតាងមានដូចខាងក្រោម៖ ចាប់ដកហូតផលិតផលខូចគុណភាពចំនួន 145មុខ = 896គីឡូក្រាម ម៉ាស៊ីនវាយប្តូរលេខកាលបរិច្ឆេទចំនួន 02គ្រឿង (ខូច 01គ្រឿង) Computerចំនួន 01គ្រឿង Hard Disk កាំមេរ៉ាសុវត្ថិភាពចំនួន 01គ្រឿង។

ឃាត់ខ្លួនជនជាតិចិនចំនួន 03នាក់ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាមនីតិវិធីច្បាប់។ បានធ្វើកំណត់ហេតុបិទ ទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះ កាលថ្ងៃពុធ ទី 04 ខែ មិនា ឆ្នាំ 2020 នេះ វេលាម៉ោង ១៤ និង៣៩នាទី កំលាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យជាជនជាតិចំនួន 03នាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕