ផ្ទុះជំងឺកូវីដ១៩នៅក្នុងផ្សារ សហគមន៍ឃុំ ស្តុកប្រវឹក ស្រុករុក្ខគីរី អាជ្ញាធរយកសំណាកលើអ្នកពាក់ព័ន្ធជាង៤០០នាក់

26

បាត់ដំបង ៖ អាជ្ញាធរស្រុករុក្ខគីរីនិងមន្រ្តីសុខាភិបាលបានចាប់ផ្តើមយកសំណាកលើអាជីវករនិងប្រជាពលរដ្ឋពាក់ព័ន្ធ ក្នុងផ្សារ សហគមន៍ឃុំស្តុកប្រវឹក ស្ថិតនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្រោយពីដឹងថាមានអាជីវករផ្សារនេះឆ្លងជំងឺកូវីដ១៩ ។

លោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរីមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរនិងមន្រ្តីសុខាភិបាល បានយក សំណាកលើអាជីវករក្នុងផ្សារ និងអ្នកពាក់ព័ន្ធគិតត្រឹមល្ងាចថ្ងៃទី១៦ខែសីហា បានចំនួន ៤០៣នាក់ហើយ ដែលក្នុងនោះរកឃើញ អាជីវករនិងអ្នកពាក់ព័ន្ធចំនួន២២នាក់ មានឆ្លងជំងឺកូវីដ១៩ ។

ចំពោះមូលហេតុនៃការឆ្លង អាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែផ្សារនេះមាន មនុស្សចេញ ចូលច្រើន មិនដឹងប្រភព ចម្លងពីណានោះទេ។

លោកស្រីអភិបាលស្រុកបន្ថែមថា ក្រោយពីផ្ទុះជំងឺកូវីដ១៩នេះ អាជ្ញាធរបានសម្រចបិទខ្ទប់ភ្លាមៗនូវទីតាំងផ្សារនេះទាំងមូល ចំណែក ប្រជាពលរដ្ឋពាក់ព័ន្ធដែលសុទ្ធសឹង រស់នៅជុំវិញផ្សារ ត្រូវបិទខ្ទប់តាមខ្នងផ្ទះ មិនអនុញ្ញាតឲ្យចេញក្រៅនោះទេ រង់ចាំការយកសំណាក លើកទីពីរបន្ថែមទៀត ក្រោយ៧២ម៉ោង ។

លោកស្រីអភិបាលស្រុករុក្ខគីរីបានឲ្យដឹងថា អ្នករកឃើញកូវីដ១៩ ទាំង២២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលព្យាបាល ស្រុកមោងឫស្សី ។ លោកស្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធ ចេញចូលផ្សារស្តុកប្រវឹកនេះ ប្រញាប់ប្រញាល់មកយក សំណាកបន្ថែមទៀត កុំឲ្យឆ្លងជំងឺកូវីដ១៩ រីករាលដាលចូលសហគមន៍កាន់តែច្រើន ៕

រក្សាសិទ្ធិដោយ៖ ក្រសួងព័ត៌មាន