កម្មករខ្មែរនិងបរទេសនៅការដ្ឋានសាងសង់ទំនប់ដូនទ្រី រកឃើញមានវិជ្ជមានកូវីដ ១៩ចំនួនជាង៣០នាក់ ក្នុងចំណោមជាង៤០០នាក់

25

បាត់ដំបង ៖ អាជ្ញាធរឱ្យដឹងថា ជំងឺកូវីដ១៩បានផ្ទុះក្នុងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់ទឹកដូនទ្រី ស្ថិតនៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានកម្មករទាំងខ្មែរនិងបរទេស ជាង៤០០នាក់ធ្វើការនៅទីនោះ ។

លោក ស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគីរីមានប្រសាសន៍ឲ្យដឹងថា មកទល់ពេលនេះក្រុម គ្រូពេទ្យបានយកសំណាក លើកម្មករ ក្នុងការដ្ឋាននេះបានចំនួន៤០១នាក់ ដែលក្នុងនោះរកឃើញមាន វិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលឆ្លងលើកម្មករជនជាតិខ្មែរចំនួន ៩នាក់ និង ជនជាតិបរទេសដែលមាន ជនជាតិហ្វីលីពីន ថៃ កូរ៉េ និង បង់ក្លាដេស ចំនួន២៥នាក់ ។

អ្នកស្រីបញ្ជាក់ថាអ្នកឆ្លងជំងឺកូវីដ១៩ ជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុក មោងឫស្សី ចំណែកជនបរទេស ដាក់ឲ្យព្យាបាលនៅការដ្ឋានខាងលើផ្ទាល់តែម្តង ដែលមានគ្រូពេទ្យបរទេស ប្រចាំការនៅទីនោះម្នាក់ និង គ្រូពេទ្យខ្មែរចេញចូល រាល់ថ្ងៃ ដើម្បីតាមដាន និង ផ្តល់យោបល់ ។

ចំណែកកម្មករផ្សេងទៀតត្រូវបានយកសំណាកពីរលើកមកហើយ នឹង បន្តដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋានសាងសង់ទំនប់ ដូនទ្រីនេះ ផ្ទាល់តែម្តងមិនអនុញ្ញាតឲ្យចេញទៅណានោះទេ ។

លោកស្រី ប៊ិន បូឡែនបានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ១៩នៅការដ្ឋានសំណង់ទំនប់ទឹកដ៏ធំមួយនេះ បានកើតឡើងតាំងពីថ្ងៃទី០៩ខែកញ្ញា មក ក្រោយពីអ្នកគ្រប់គ្រងទីតាំងនេះបានទិញតេស្តរហ័ស សម្រាប់ធ្វើតេស្តដល់កម្មករក្នុងការដ្ឋាននេះដោយខ្លួនឯង ។ ហើយក្រោយពីកម្មករនៅទីនេះមានអាការៈមិនស្រួល ក៏សង្ស័យទើបធ្វើតេស្ត សំណាកមើលទើបដឹងថា មានវិជ្ជមានកូវីដ១៩ ក៏បាន រាយការណ៍មកអាជ្ញាធរ និង មន្រ្តីសុខាភិបាលចុះមកពិនិត្យបន្ថែម រហូតដល់រកឃើញមានឆ្លងជាបន្តបន្ទាប់ ។

ចំណែកមូលហេតុ នៃការចម្លង អាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែដឹងថាមានបុគ្គលិកទីនេះឡើងមកទីរួមខេត្តបាត់ដំបង ញឹកញាប់ដែរ ៕

រក្សាសិទ្ធិដោយ៖ ក្រសួងព័ត៌មាន