កុំភ្លេចចូលរួមទាំងអស់គ្នា! អភិបាលខេត្តសៀមរាប អំពាវនាវភ្ញៀវទេសចរចូលរួមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» ដើម្បីជាការ…

620

(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីដែលហៅថា «ថ្ងៃខ្មែរ» ហើយសុំឲ្យសិស្សានុសិស្ស សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេងនៅតាមក្រុង ស្រុក តាមតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួន ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ។

ក្នុងនោះ លោក ទៀ សីហា ក៏បានមានប្រសាសន៍ថា៖ «ខ្ញុំមានគម្រោងចំពោះសាលាខេត្តយើង ហើយជាពិសេស គឺក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំនឹងដឹកនាំឲ្យមានចូលរួមតុបតែងខ្លួនប្រាណតាមបែបប្រពៃណីជាតិខ្មែរ ដោយស្លៀកសំលៀកបំពាក់ជាខ្មែរបុរាណ ដើម្បីដើរលេង។ ដោយសារខេត្តសៀមរាប ជាខេត្តវប្បធម៌ ប្រវត្តិសាស្ត្រ និងមានមហាប្រាង្គប្រាសាទបុរាណជាច្រើន ហើយគម្រោងនេះ គឺហៅថា ថ្ងៃខ្មែរ »។

លើសពីនេះទៅទៀត លោកអភិបាលខេត្តរូបនេះក៏បានធ្វើការផ្ដាំផ្ញើ និងសុំឲ្យយុវជនជាពិសេសសិស្សានុសិស្ស ព្រមទាំងនិស្សិត រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សូមឲ្យចូលរួមឲ្យបានច្រើនកុះករផងដែរ។ ដូច្នេះលោកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងចូលរួមជាមួយការងារសង្គម និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបានផ្សព្វផ្សាយនូវ «សៀមរាប ផ្ទះខ្ញុំ» ក៏ដូចជាបញ្ហាផ្សេងៗក្នុងខេត្តសៀមរាប ដើម្បីការងារយកចិត្តទុកដាក់ ជាពិសេសបញ្ហាពាក់ព័ន្ធនឹងបរិស្ថាននៅក្នុងក្រុង និងនៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ។

ការធ្វើបែបនេះគឺជាការលើកស្ទួយនៅសិល្បៈ វប្បធម៌ អរិយធម៌ ជាយូរលង់របស់ខ្មែរយើង ដែលបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ ដូច្នេះយើងជាកូនខ្មែគួរផ្តល់តម្លៃ និងលើកស្ទួយនូវសម្លៀកបំពាក់ខ្មែរបុរាណ ពិសេសប្រើប្រាស់ផលិតផល ក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយប្រជាពលរដ្ឋខ្មែរមានការងារធ្វើ និងបង្កើនចំណូលនៅក្នុងគ្រួសាររបស់ពួកគាត់បន្ថែមផងដែរ។

ខណៈដែរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិយើងកាន់តែខិតជិតមកដល់សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងអញ្ចើញចូលរួមឲ្យបានច្រើនទាំងអស់គ្នា។