(វ៉ាស៊ីនតោន)៖ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា មនុស្ស២១នាក់ ហើយ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួនរបស់ពួកគេ នៅលើកប៉ាល់ ហ្គ្រេនដ៍ព្រីនសេស (Grand Princess)។

លោក ភែន បានលើកឡើងបន្ថែមទៀតថា នៅក្នុងចំណោមអ្នកឆ្លងទាំង ២១នាក់នោះ គឺមាន ១៩នាក់ជាក្រុម អ្នកបម្រើការងារលើនាវាផ្ទាល់ និង ០២នាក់ទៀតជាអ្នកដំណើរ។ មនុស្សសរុប ៤៦នាក់ត្រូវបានកំណត់ឲ្យធ្វើតេស្ត រកមើលវីរុសកូរ៉ូណាថ្មីនេះ ដោយក្នុងនោះ ២៤នាក់ទៀតចេញលទ្ធផលអវិជ្ជមាន និងម្នាក់កំពុង ស្ថិតនៅក្នុងការតាម ដាននៅឡើយ។

នាវាទេសចរណ៍ខាងលើនេះ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណី អ្នកជំងឺម្នាក់ដែលបានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីរូបគេបានឆ្លងមេរោគ COVID-19 ហើយក្រោយមកទើបគឺដឹងថា ជនរងគ្រោះធ្លាប់ជាអ្នកដំណើរលើកប៉ាល់ ហ្គ្រេនដ៍ព្រីនសេស (Grand Princess)។ នាវានេះត្រូវបានអាជ្ញាធរអាមេរិក ឃាត់ទុកនៅលើផ្ទៃទឹក សិនដោយ មិនអនុញ្ញាតឲ្យចូលចត នៅកំពង់ផែទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះឡើយ ចាប់តាំងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលា នៅក្នុងតំបន់)។

គួរបញ្ជាក់ថា Grand Princess មានផ្ទុកអ្នកដំណើរសរុប ៣,០០០នាក់ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីនសេសគ្រូស (Princess Cruise) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ វាជាកប៉ាល់ទី ២ ហើយបន្ទាប់ពីកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលបានទទួលរងគ្រោះ ដោយសារតែការរាតត្បាតនៃវីរុស COVID-19៕