មន្ទីរទេសចរណ៍ខេត្តព្រះវិហារបង្កើតក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

20

MC : មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបង្កើតក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៅតំបន់បេតិកភណ្ឌ ធម្មជាតិភ្នំត្បែង ដើម្បីបង្កើតផលិតផលថ្មីៗបន្ថែមទៀតដែលជួយទាក់ទាញភ្ញៀវទេសចរ ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ការបង្កើតក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍ផលិតផល ទេសចរណ៍នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះឡើង ព្រោះវាជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានការផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និង សាសនា និងមានសក្តានុពលខ្ពស់ ក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងៗទៀត ។

លោកបានបន្តថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ជាកន្លែងទីសក្ការៈបូជានិងជំនឿដ៏ស័ក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន មាន សក្តានុពលទៅលើធនធានធម្មជាតិ និង ជីវៈចម្រុះ ដូចជាប្រភេទសត្វកម្រ មានសត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ និងសត្វផ្សេងៗទៀត ដែល ជាប្រភេទសត្វកម្រ និងជាទីតាំងទេសចរណ៍ដ៏មានសក្កានុពលដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត ។

សំឡេង « ខេត្តបានបង្កើតនូវក្រុមការងារសម្រាប់គ្រប់គ្រងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅតំបន់រមណីយដ្ឋានភ្នំត្បែង តំបន់រមណីយដ្ឋានភ្នំត្បែងនេះគឺជាគោលដៅសំខាន់សម្រាប់ខេត្ត ផ្នែកទេសចរណ៍វប្បធម៌ និងធម្មជាតិ អេកូទេសចរណ៍ ក៏ជាកន្លែងដែល មានការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវ ខែនេះមានទឹកធ្លាក់ច្រើនកន្លែងដែលភ្ញៀវអាចទៅទស្សនាលេងកម្សាន្ត នេះគឺយើងពង្រឹង ទៅលើការរៀបចំ ហើយក្រុមការងារនេះគឺមានអភិបាលរងខេត្តជាប្រធាន ជាប្រធានក្រុមការងារក្នុងការគ្រប់គ្រង ដឹកនាំអភិវឌ្ឍន៍តំបន់ ភ្នំត្បែង ដើម្បីបង្កើតនូវផលិតផលទេសចរណ៍ដែលថ្មីៗបន្ថែមទៀតនៅតំបន់នេះ » ។

លោកបានបន្ថែមថា តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯក មានសម្រស់ធម្មជាតិស្អាតៗជាមួយនិងទឹកជ្រោះចំនួន៣ដំណាក់ ហូរធ្លាក់តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចម្ការចេករបស់ប្រជាពលរដ្ឋ ដាំតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលភ្នំនេះ មានកម្ពស់ ប្រមាណ៤០០ម៉ែត្រ ដោយអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១.៣៨០កាំ។ តំបន់នេះបានក្លាយជាទីចាប់អារម្មណ៍នៃទេសចរជាតិ និងអន្តរជាតិ សម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង និងការបោះតង់ជាក្រុម ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងនេះ ចូលជាសម្បត្តិបេតិកភណ្ឌ ធម្មជាតិរួចហើយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ តំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុកគូលែន សង្គមថ្មី, ត្បែងមានជ័យ, ក្រុងព្រះវិហារ និងស្រុករវៀង ៕

ប្រភព៖ ក្រសួងព័ត៌មាន