សត្វប្រើសស្បូវញីមួយក្បាលដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នត្រូវបានជួយសង្គ្រោះនិងបានលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព

22

សត្វប្រើសស្បូវញីមួយក្បាលដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះ និង បានលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី០៧ខែតុលាឆ្នាំ២០២១។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី០៨ខែតុលាឆ្នាំ២០២១នេះ ដោយបានបញ្ជាក់ថា ប្រើសញីនេះមានទម្ងន់ប្រមាណពី១៥០ទៅ២០០គីឡូក្រាម ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូលបានប្រទះឃើញជាប់អន្ទាក់នៅអំឡុងពេលពួកគាត់បានដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើកស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ។នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្សនៃដែន ជម្រកសត្វព្រៃសង្ឃរុក្ខវ័ននៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យដែលបានជួយសង្គ្រោះសត្វប្រើសដែលជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នេះ បានទាន់ពេលវេលា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយក្នុងនោះមិនមែន ត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ឬការលួចកាប់ឈើខុសច្បាប់ តែក៏មានតួនាទីក្នុងការសង្គ្រោះសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ផងដែរដោយបានដោះអន្ទាក់ និងសង្គ្រោះសត្វព្រៃពីការជាប់អន្ទាក់។ យោងតាមរបាយការណ៍ ៩ ខែឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សបានអន្ទាក់ជិត៣ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស និងសត្វព្រៃជាច្រើន ក្បាលត្រូវបានជួយសង្គ្រោះ និងព្រលែងចូលក្នុងព្រៃ។

យោងតាមការសិក្សារបស់អ្នកជំនាញ ប្រើសជាប្រភេទសត្វមានដោយបង្គួរនិងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការIUCNថា ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។ សត្វប្រើសមានវត្តមាននៅ តាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និង ភូមិភាគឥសាននៃប្រទេសកម្ពុជា។ គេក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងភូមិភាគអាស៊ីអាគ្នេយ៍រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។ ប្រើសជាសត្វដែលអាចរស់នៅគ្រប់ជម្រកទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ។ វារកស៊ីនៅពេលព្រលប់ និង ពេលព្រលឹមហើយសម្រាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ។ ចំណីរបស់វាមានដូចជាចុងមែកឈើតូចៗ ស្លឹកឈើ ប្រភេទវល្លិ៍ពន្លក (ត្រួយ) ផ្លែឈើជ្រុះ និងស្មៅ។ ប្រើសចូលចិត្តស៊ីដីច្រាប ពិសេសប្រើស ឈ្មោលដែលកំពុងតែលូតលាស់ស្នែង និងមានជារៀងរាល់ឆ្នាំនៃរដូវកាច់ស្នែងប្រព្រឹត្តទៅក្នុងខែកក្កដា និងកញ្ញា។ នៅរដូវបន្តពូជប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នះដើម្បីគ្រប់គ្រងតំបន់ និងពាក់ញី ដែលនៅក្នុងហ្វូងរហូតដល់៨ក្បាល។ ប្រើសញីកើតកូនម្តងបានតែ១ក្បាល បន្ទាប់ពីពរពោះបាន រយៈពេល ៨ ខែ។

ជាថ្មីម្តងទៀត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ ព្រោះវាគ្មានផលប្រយោជន៍អ្វីសម្រាប់សុខភាពឡើយ តែអាចនឹងបង្កហានិភ័យដល់សុខភាពនិងកើតជំងឺផ្សេងៗព្រោះសាច់សត្វព្រៃមានផ្ទុកដោយមេរោគ ដោយ«និយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការបរបាញ់និងដាក់អន្ទាក់សម្លាប់សត្វ»។ ឯកឧត្តមបានថ្លែងថា ជនទាំងឡាយណាដែលបន្តបំពាននឹងបម្រាមនឹងត្រូវប្រឈមមុខច្បាប់ជាធរមាន ប្រសិនបើមន្ត្រីមានសមត្ថកិច្ចចាប់បាន៕

ប្រភព៖ ក្រសួងព័ត៌មាន