ចិនបង្ហាញជំហរបន្ដជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចក្រោយពីវិបតិ្តកូវីដ-១៩

30

ភ្នំពេញ÷រដ្ឋាភិបាលចិន បានបង្ហាញជំហរបន្ដជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចក្រោយពីវិបតិ្តកូវីដ-១៩ ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។

ក្នុងជំនួបពិភាក្សាការងារជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមាន ព្រឹទ្ធសភា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិនបានអះអាងថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រមទាំងបន្តគាំទ្រកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមបានចែករំលែកទស្សនៈអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យ រវាងប្រទេសទាំងពីរ តាមរយៈ៖ ១)ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានៅប្រទេស ចិន ក្រោយពេលស្ថានភាពកូវីដ-១៩បានធូរស្រាល។

២)បន្តពង្រឹងកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំង និង សម្ភារបរិក្ខារពេទ្យដល់ប្រទេស កម្ពុជា រហូតដល់កម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ទាំងស្រុង។

៣)ដោយពុះពារឧបសគ្គនៃវិបតិ្តកូវីដ-១៩ ពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពន្លឿនកិច្ចសហប្រតិបតិ្តការគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍន៍ទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំចូល កសិផលស្វាយ និងចេករបស់កម្ពុជា និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច ពីវិបតិ្តកូវីដ-១៩។

ប្រទេសកម្ពុជា និងចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ បានឆ្លងកាត់ការសាកល្បងរហូតដល់ក្លាយជាមិត្តដែកថែប។ ប្រទេសចិនសូមអរគុណប្រទេសកម្ពុជា ដែលតែងតែគាំទ្រប្រទេសចិន។ ប្រទេសចិនសូមគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ ASEM 13 និងធ្វើជាម្ចាស់ផ្ទះអាស៊ាននៅក្នុងឆ្នាំ២០២២ នាពេលខាងមុខ។

ប្រទេសចិននឹងបន្តផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចល្អជាមួយប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍន៍របស់ចិន នវានុវត្តន៍ ការសម្របសម្រួល សេដ្ឋកិច្ចបៃតង និងឈ្នះឈ្នះទាំងអស់គ្នា។

ឯកឧត្តមបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ សភាប្រឹក្សានយោបាយប្រជាជនចិន នឹងបន្តកិច្ចសហប្រតិបតិ្តការ ជាមួយនឹងព្រឹទ្ធសភាកម្ពុជា តាមរយៈលិខិត និងការផ្លាស់ប្តូរទស្សនគ្នាតាមប្រព័ន្ធវីដេអូ។

ឯកឧត្តម បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឹកូវីដ-១៩។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាការងារទ្វេភាគីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដោយផ្តោតលើ “កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច និង បញ្ហានានាដែលជាការព្រួយបារម្ភរួម”។

សម្តេចមានប្រសាសន៍ថា កិច្ចពិភាក្សានាពេលនេះ នឹងផ្តល់សារសំខាន់ដល់ការចូលរួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ឈររហូតក្លាយជា “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ”។ ទោះក្នុងបរិបទកូវីដ-១៩ ទំនាក់ទំនងលើវិស័យជាច្រើននៅតែបន្តស្តែងឡើងតាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសចិន ដើម្បីបង្ហាញពីមិត្តភាព សាមគ្គីភាព ប្រកៀកស្មាគ្នា រួមសុខរួមទុក្ខក្នុងគ្រាលំបាក ដែលបានធ្វើឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានប្រសិទ្ធនាមថា “វីរបុរសសង្ហាដើរបញ្រ្ចាសទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩” និងទស្សនកិច្ចជាផ្លូវការជាបន្តបន្ទាប់របស់ឯកឧត្តម Wang Yi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិននៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានធ្វើជា “ខ្នងបង្អែកដ៏រឹងមាំបំផុត និងជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាទាន់ពេលវេលា ដោយបានផ្ដល់ជំនួយប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩។

ប្រភព៖ ក្រសួងព័ត៌មាន