រថយន្តស៊េរីទំនើបបើកបោះទៅបុករបាំងថ្មក្បាលព្រួញទ្រូងផ្លូវនឹងបង្គោលភ្លើងបាក់រាបដល់ដីរងការខូចខាតទៅមុខលែងរួច…

16

ភ្នំពេញ÷ រថយន្តស៊េរីទំនើបបើកក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបាក់អស់មួយកង់នឹងបង្គោលភ្លើងមួយដើមទៀតបាក់រាបដល់ដីរងការខូចខាតយ៉ាងដំណំទើបរថយន្តបង្កទៅមុខលែងរួច ម្ចាស់ចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅតែរថយន្តហើយនឹងរបាំងថ្មជាមួយនឹងបង្គោលភ្លើងនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង២៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចនឹងគល់ស្ពាន៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់នៅកន្លែងកើតហេតុសូមមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគាត់បានឃើញរថយន្តទំនើបម៉ាក RoIIsRoyce ពណ៌សមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា MR-IDOL បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីបណ្ដាលឲ្យរងការខូចខាតទាំងរថយន្តនិងទ្រូងផ្លូវយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ហើយក៏បានបើកទ្វាររថយន្តចុះគេចខ្លួនបាត់តែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កធ្វើឲ្យមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋ ទើបទាក់ទងទៅផ្នែកជំនាញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅឯចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធី ។

រាយការណ៍ដោយ-P.23