លោក ពូទីន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលកាន់តែជិតស្និទ្ធចំពោះការអភិរក្សជីវៈចម្រុះ

17

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធចំពោះការអភិរក្សជីវៈចម្រុះ និងផ្តល់ការគាំទ្រពាក់ព័ន្ធដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយនៅឯកិច្ចប្រជុំសន្និសិទភាគីលើកទី១៥ នៃសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះជីវសាស្រ្ត (COP15) ថា «វាពិតជាសំខាន់ណាស់ដែលកត្តាអាទិភាពថ្នាក់ជាតិ និងលក្ខណៈពិសេសរបស់រដ្ឋនីមួយៗត្រូវយកចិត្តទុកដាក់ ជាពិសេសចំពោះតម្រូវការរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងបណ្តាប្រទេសអភិវឌ្ឍតិចតួច»។ សន្និសីទ COP15 បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទនៅទីក្រុងគុនមីងនៃខេត្តយូណាននៅភាគនិរតីប្រទេសចិន។

ផ្នែកដំបូងនៃកិច្ចប្រជុំនេះនឹងមានរយៈពេលរហូតដល់ថ្ងៃសុក្រ ដោយមានសកម្មភាពស្របគ្នានៃវេទិកាមួយចំនួនស្តីពីប្រធានបទនានា ដែលរួមមានការប្រែប្រួលអាកាសធាតុ និងការអភិរក្សអេកូឡូស៊ីផងដែរ។ ផ្នែកទីពីរនៃកិច្ចប្រជុំដែលត្រូវបានគេរំពឹងថានឹងរៀបចំឡើងនៅឆ្នាំក្រោយនោះ នឹងធ្វើការពិនិត្យ និងសម្រេចទៅលើ «ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ២០២០» ដែលជាសសរស្តម្ភសម្រាប់ការអភិរក្សជីវៈចម្រុះសម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខ។

លោក ពូទីន បាននិយាយថា «យើងគាំទ្រយ៉ាងពេញទំហឹងនូវគំនិតនៃការសម្រេចបាននូវកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធទៅលើបញ្ហាបន្ទាន់ទាំងអស់នៃការការពាររុក្ខជាតិ និងពពួកសត្វ ព្រមទាំងធនធានលើអាកាស និងក្នុងទឹកផងដែរ។ អធិបតេយ្យភាពរបស់ប្រទេសនីមួយៗទៅលើធនធានធម្មជាតិ និងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគេ គួរតែត្រូវបានគោរពរហូតដល់ទីបញ្ចប់»។

លោកបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិទៅលើបញ្ហាបរិស្ថាន៕

ប្រភព៖ ក្រសួងព័ត៌មាន