ហេតុអ្វីបានជាសហគ្រិនត្រូវត្រៀមខ្លួនទទួលយកភាពបរាជ័យ ជាជាងភាពជោគជ័យ?

459

(ចំណេះដឹង)៖ ការបង្កើត​​អាជីវកម្ម​មួយ​ជាមួយ​មហិច្ឆតា​ គឺ​ជា​រឿង​សំខាន់​របស់​សហគ្រិន​នានា តែ​អ្វី​ដែល​កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត​​នោះ​គឺ​​ត្រូវ​ត្រៀម​ខ្លួន​ហ៊ាន​ ទទួល​យក​ភាព​បរាជ័យ​ដែល​នឹង​កើត​ឡើង។ នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​ ហើយ​ជា​អ្វី​ដែល​គេ​មើល​ឃើញ​​​ថា សហគ្រិន ៩០ % សុទ្ធតែ​បរាជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន។

យ៉ាងណាមិញ ការ​មិន​ព្រម​បោះបង់​មហិច្ឆតា​របស់​ខ្លួន​​ដោយ​ព្យាយាម​ងើប​ឡើង​វិញ​ម្តង​ ហើយ​ម្តង​ទៀត​បាន​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ។ តែ​សូម​កុំ​ភ្លេច​ថា ការ​ត្រៀមខ្លួន​ទទួល​យក​ភាព​​បរាជ័យ​នេះ​ហើយ​ដែល​ជា​មេរៀន​ដ៏​ល្អ​មួយ​ធ្វើ​ ឲ្យ​សហគ្រិន​ទាំង​នោះ​ស្គាល់​ពន្លឺ​ថ្ងៃ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ បើ​ដូច្នេះ​មែន តើ​អ្វី​ទៅ​ជា​សារសំខាន់​នៃ​​ការ​ត្រៀម​ទទួល​យក​ភាព​បរាជ័យ?​

១. ធ្វើ​ឲ្យ​សហគ្រិន​មាន​​ភាព​វ័យ​ឆ្លាត និង ​​កាន់តែ​រឹងមាំ
អ្វី​ដែល​ជា​អត្ថន័យ​​ដ៏​សាមញ្ញ​នៅ​ទី​នេះ​គឺ​ថា ការ​ត្រៀម​ខ្លួន​​ដើម្បី​បរាជ័យ​ នឹង​ជួយ​ធ្វើ​ឲ្យ​សហគ្រិន​កាន់តែ​រឹងមាំ និង ​មាន​ភាព​វៃឆ្លាត​​ជាង​មុន។ ប្រការ​នេះ​គឺ​ថា នៅ​ពេល​ដែល​សហគ្រិន​ម្នាក់​បាន​មើល​ឃើញ​ពី​ភាព​បរាជ័យ​របស់​ខ្លួន ឬ យល់​ឃើញ​ថា ភាព​បរាជ័យ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ណា​មួយ​ ពេល​នោះ​ហើយ​ដែល​សហគ្រិន​នោះ​ចាប់ផ្តើម​គិត​រិះរក​ពី​គន្លឹះ​​​ជោគជ័យ​ជា​ ថ្មី​មួយ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន។ ជា​ឧទាហរណ៍​ថា ប្រសិន​បើ​​សហគ្រិន​ម្នាក់​​លក់​ផលិតផល​​ភេសជ្ជៈ​របស់​ខ្លួន​មិន​សូវ​ដាច់ ស្ថានភាព​នេះ​​នឹង​បង្រៀន​សហគ្រិន​នោះ​ឲ្យ​ចេះ​រិះរក​វិធីសាស្ត្រ​ថ្មី​​រៀន ​សូត្រ​ពី​កំហុស​របស់​ខ្លួន​ដើម្បី​ចាប់ផ្តើម​អន្ទង​ចិត្ត​អតិថិជន​ឡើង​វិញ។ សូម​ចាំ​ថា សហគ្រិន​ដែល​ជួប​ភាព​បរាជ័យ​កាន់តែ​ច្រើន នឹង​កាន់តែ​មាន​ទំនុក​ចិត្ត និង ភាព​ជឿជាក់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​កាន់តែ​ប្រសើរ​ឡើង​ជា​មុន។​​​

២. ធ្វើ​ឲ្យ​សហគ្រិន​មាន​ភាព​ច្បាស់លាស់ និង ​ប្រាកដប្រជា​ជាង​មុន
មាន​សហគ្រិន​មួយ​ចំនួន​យល់​​ថា ការ​ដាក់​ចិត្ត​ដាក់​​កាយ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ពិត​ជា​រឿង ត្រឹមត្រូវ​មួយ​រហូត​ធ្វើ​ការ​ភ្លេច​ខ្លួន​ងប់ងុល​ក្នុង​ការងារ​នោះ​ដោយ​ គ្មាន​ហេតុផល​ដោយ​យល់​ថា នេះ​ជា​​ការងារ​មួយ​​ដែល​ខ្លួន​មិន​ត្រូវ​ធ្វេសប្រហែស។ ការ​ពិត​មាន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ខាងក្រៅ​ដែល​​អាច​ធ្វើ​ឲ្យ​ខ្លួន​មាន​ សក្ដានុពល​ជាង​នេះ​​នោះ​គឺ​​អតិថិជន។ អាជីវកម្ម​របស់​អ្នក​ផ្សារភ្ជាប់​ទៅ​នឹង​អតិថិជន ហេតុដូច្នេះ​​​ប្រសិន​បើ​អ្នក​រក​ឃើញ​ពី​កង្វះខាត​​នូវ​ការ​គាំទ្រ​ពី​ សំណាក់​​​អតិថិជន នោះ​​ជា​ពេល​មួយ​ដែល​អ្នក​ត្រូវ​សិក្សា​ខ្លួន​ឯង​ថា តើ​អ្វី​ទៅ​ជា​ភាព​ជោគជ័យ​ពិតប្រាកដ? នេះ​ជា​ដំណាក់កាល​មួយ​ដែល​អ្នក​​អាច​ស្វែង​យល់​ខ្លួន​ឯង​​បាន​ថា តើ​ត្រូវ​​ប្រឈមមុខ​នឹង​ភាព​បរាជ័យ​នោះ​ដោយ​របៀបណា? អ្វី​ទៅ​ជា​ដំណោះស្រាយ? បើ​អ្នក​អាច​រក​ឃើញ​ចម្លើយ​​បាន​​មែន​នោះ​ មាន​ន័យ​ថា​អ្នក​​ពិត​ជា​​​ស្គាល់​​​​ខ្លួនឯង​ច្បាស់​ជាង​មុន និង​អាច​គ្រប់គ្រង​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣. ធ្វើ​ឲ្យ​សហគ្រិន​​​ខិតខំ​ប្រឹងប្រែង​ជាង​មុន
សហគ្រិន​ម្នាក់​ដែល​មើល​ឃើញ​ពី​ភាព​បរាជ័យ​ហើយ តែ​​មិន​ព្រម​​ងើប​ដើរ​ឡើង​វិញ​ នោះ​មិន​ស័ក្ដិសម​ជា​សហគ្រិន​នោះ​​ឡើយ​ ត្បិតអី​ភាព​ជា​សហគ្រិន​គឺ​ជា​បុគ្គល​ដែល​មាន​ការ​តស៊ូ​ស្វិតស្វាញ​បំផុត​ មិន​ព្រម​បោះបង់​គោលដៅ​របស់​ខ្លួន​ជា​ដាច់​ខាត។ នេះ​ជា​ការ​ពិត ហើយ​អ្វី​ដែល​​យើង​លើក​យក​ចំណុច​នេះ​មក​​ពិភាក្សា​ពិត​ជា​ត្រឹមត្រូវ ព្រោះ​ការ​បរាជ័យ​​​បាន​ធ្វើ​ឲ្យ​សហគ្រិន​ខិត​ខំ​ខ្នះខ្នែង កាន់តែ​ព្យាយាម​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​។ ការ​ពិត​មិន​ខុស​ពី​សហគ្រិន​ទូទៅ នៅ​ពេល​ដែល​អ្នក​បរាជ័យ សូម​អ្នក​យក​ពាក្យ​មួយ​ឃ្លា​នៅ​ទី​នេះ​មក​គិត​បន្តិច​នោះ​គឺ​ថា សហគ្រិន​ធ្វើ​អាជីវកម្ម​មិនមែន​​សម្លឹង​មើល​ត្រឹមតែ​១​ខែ ឬ ១ ឆ្នាំ​ខាងមុខ​នោះ​ទេ តែ​ជា​ការ​ប្រមើល​មើល​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​រយៈ​ពេល ៥ ឬ ១០ ឆ្នាំ​ខាងមុខ​ឯណោះ។

៤. ធ្វើ​ឲ្យ​សហគ្រិន​អាច​​រំដោះ​ខ្លួន​ចេញ​ពី​បរាជ័យ​ដោយ​ងាយស្រួល​
សហគ្រិន​ម្នាក់​ដែល​​មិន​ស្គាល់​សោះ​​ពាក្យ​​ថា​ ចាញ់ ឬ បរាជ័យ សហគ្រិន​នោះ​ក៏​មិន​ស្គាល់​ភាព​ជោគជ័យ​ពិតប្រាកដ​ដែរ។​ សហគ្រិន​បែប​នេះ​​រមែងតែងតែ​ជួប​ភាព​តក់ស្លុត​ខ្លាំង​នៅ​​ពេល​បរាជ័យ​ចូល​មក ​ដល់ ត្បិតអី​ខ្លួន​មិន​បាន​ត្រៀម​ទុក​ជា​មុន ម្យ៉ាង​មិន​សូវ​មាន​យុទ្ធសាស្ត្រ​ទប់ទល់​ភាព​បរាជ័យ​ទៀត​ផង​។ នេះ​ហើយ​ជា​បញ្ហា ដែល​សហគ្រិន​ត្រូវ​តែ​យល់​ថា បញ្ហា​ ឬ ភាព​បរាជ័យ​ពិត​ជា​​គ្រឹះ​ដ៏​សំខាន់​ធ្វើ​ឲ្យ​យើង​ហ៊ាន​ប្រឈមមុខ​វា​នៅ​ពេល​ ក្រោយ​ៗ ទៀត​ដោយ​មិន​ភ័យ​ខ្លាច។ ទាំង​ឆ្លាត មាន​សុទិដ្ឋិនិយម​កាន់តែ​រឹងមាំ ភាព​ជឿជាក់ ភាព​ប្រាកដប្រជា និង ការ​ហ៊ាន​ប្រឈមមុខ​ដោយ​មិន​​ភ័យខ្លាច ទាំង​នេះ​គឺ​ជា​អ្វី​ដែល​សហគ្រិន​ទូទៅ​​​រៀនសូត្រ​បាន​ពី​ភាព​បរាជ័យ៕

បើលោកអ្នកគិតថាអត្ថបទនេះគ្រាន់តែជួយចុច ស៊ែរនឹងចែករំលែកទៅកាន់មនុស្សដែលជាទីស្រលាញ់របស់អ្នកឲ្យបានអានផង។ សូមអរគុណ!