រថយន្ត២រគ្រឿងបើកកៀរគ្នាតាំងពីចុងស្ពានច្បារអំពៅព្យាយាមបើករហូតមកដល់មហាវិថីព្រះនរោត្តមទើបតាមឃាត់បានឈ្លោះប្រកែកគ្នាតឹងសរសៃក…

32

ភ្នំពេញ÷នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងរួមជាមួយនឹងស្រីមកពីលេងស្រុកកំណើតនៅឯខេត្តព្រៃវែង ស្រាប់តែមកដល់គល់ស្ពានច្បារអំពៅចុងខាងកើតមិនទាន់នឹងបានឡើងដល់លើស្ពានផងក៏ត្រូវបានរថយន្តកុងតីន័របើកបោះពួយមកពីក្រោយសំដៅឡើងទៅលើស្ពានច្បារអំពៅចាស់កៀរបណ្ដាលឱ្យបែកកង់នឹងបាក់កញ្ចក់រងការខូចខាតអស់មួយចំហៀងហើយមិនព្រមឈប់នៅព្យាយាមបើករត់រហូតមកដល់មហាវិថីព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ទើបម្ចាស់រថយន្តរងគ្រោះដេញតាមឃាត់បានឈ្លោះប្រកែកគ្នាដណ្ដើមរៀងៗខ្លួនផ្អើលសមត្ថកិច្ចនិងអ្នកសារព័ត៌មានទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកបើកបររាបប្រាប់ឲ្យបានដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងរូបគាត់រួមដំណើរជាមួយនឹងប្អូនស្រីបើករថយន្តស៊េរីនើបពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-1587 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១មកពីលេងស្រុកកំណើតនៅឯខេត្តព្រៃវែង ខណៈពេលមកត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមាននៅរថយន្តម៉ាកកុងតីន័រក្បាលពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-1794 បើកបរដោយបុរសម្នាក់មកពីក្រោយស្របទិសដៅគ្នាបោះពួយតម្រង់ធ្វើឡើងទៅលើស្ពានច្បារអំពៅចាស់ក៏បានវាត់កន្ទុយផ្នែកខាងក្រោយបោកទៅលើរថយន្តស៊េរីទំនើបមួយគ្រឿងនោះបណ្ដាលឲ្យបាក់កញ្ចក់បែកកង់ពីខាងឆ្វេងរងការខូចខាតយ៉ាងដំណំ រថយន្តបង្កមិនព្រមឈប់ដោះស្រាយគ្នានៅតែបើកមករហូតដល់មហាវិថីព្រះនរោត្តមទើបតាមឃាត់បាន សូមបញ្ជាក់ថានៅក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ជួយធ្វើការសម្របសម្រួលនិងទុកពេលឲ្យភាគីទាំងពីរធ្វើការចរចាគ្នាសងជាសំណងរាល់ការខូចខាតទៅដល់ម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿង។

រាយការណ៍ដោយ-P.23