មនុស្សប្រុសស្រីចំនួន៤នាក់ត្រូវរងរបួសធ្ងន់និងស្រាលបន្ទាប់ពីបានបើករថយន្តជ្រុលទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ នៅក្រុងច្បារមន…

63

កំពង់ស្ពឺ÷បុរសម្នាក់ដែលគេបានសង្ស័យថាប្រហែលជាបើករថយន្តងោកមួយភាំងហើយមើលទៅទើបបណ្ដាលឲ្យរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងមានមនុស្សប្រុសស្រីចំនួន៤នាក់បន្ថែមទៀតត្រូវបានរងរបួសធ្ងន់និងស្រាលរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៤នឹងលេខ៤៥ ទល់មុខនឹងភូមិអង្គសេរី ក្នុងសង្កាត់រការធំ ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះទី១ៈមាន ឈ្មោះ សុខ ប៊ិក ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជាអ្នកបើករថយន្ត រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសស្រាល រីឯអ្នកដែលបានរួមដំណើរជាមួយមានចំនួន៣នាក់ទៀតនោះ គឺជាជនជាតិចិន មកដល់ពេលនេះនៅមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់ពួកគាត់នៅឡើយទេ សុទ្ធតែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្រុងភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA បាឡែន ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AK-4830 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដែលពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេល មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍បានរេចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាត រងការខូចខាតស្ទើរតែទាំងស្រុងផ្នែកខាងមុខ និងបុរសម្នាក់ដែលជាអ្នកបើកបររងរបួសស្រាល ចំណែកអ្នករួមដំណើរសុទ្ធតែជាជនជាតិចិនទាំង៣នាក់នោះរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកមកសង្គ្រោះបន្ទាន់នៅឯទីក្រុងភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមានការប៉ះពាល់ទៅដល់របាំងថ្មទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋនោះ ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលក្រុងច្បារមនឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

រាយការណ៍ដោយ.P.23