ប៉ុន្មានចំណុចនេះ ដែលយុវជនត្រូវតែមានមុនអាយុ៣០ឆ្នាំ

463

គ្មានអ្នកណា​ម្នាក់​អាច​មាន​​​អាយុ ​២០ ឆ្នាំ ឬ ៣០​ឆ្នាំ​ ពីរ​ដង​នោះ​ឡើយ ​​ក្នុង​មួយ​ឆាកជីវិត​របស់​​​មនុស្ស​ តែ​អ្វី​ដែល​សំខាន់​ត្រង់​ថា ​តើ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​វ័យ​នេះ? មនុស្ស​មួយចំនួន​បាន​ឆ្លងកាត់​វ័យ​នេះ​ទាំង​មិន​ដឹង​ខ្លួន ខណៈ​មនុស្ស​មួយចំនួន​ទៀត​បាន​ត្រៀម​ខ្លួន​​យ៉ាង​ល្អ​ខិតខំ​​​ក្រេប​យក​ ចំណេះដឹង និងបទពិសោធន៍​ល្អៗ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ផ្លែផ្កា​ត្រចះត្រចង់​នៅ​ មជ្ឈិមវ័យ។

ឥឡូវ​នេះ​ សម្រាប់​ប្រិយមិត្ត ជា​ពិសេស​លោក​អ្នក​ដែល​មាន​អាយុ​ក្រោម ​៣០​ឆ្នាំ​ ដែល​ចង់​​ឲ្យ​ជីវិត​របស់​ខ្លួន​មាន​​គុណភាព​ និង​រស់រវើក​​ជានិច្ច​ គួរ​ស្វែងយល់​​ចាប់​យក​នៅប៉ុន្មានចំណុចខាងក្រោម​​នេះ ​​​មក​អនុវត្ត​វិញ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ ដើម្បី​ជៀសវាង​ភាព​ស្តាយក្រោយ​​ដោយ​ប្រការ​ណា​មួយ។​​​​​​

១. ​ផ្ដោត​យកចិត្តទុកដាក់ «​ភាព​ស្ងប់ស្ងៀម​ គឺ​ជា​ពេលវេលា​ដ៏​សមគួរ​សម្រាប់​អ្នក​ដើម្បី​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​ផែនការ​អ្វី​មួយ»។ លោក Stephen Richards អ្នកនិពន្ធ​សៀវភៅ​អង់គ្លេស។​

ការ​ផ្ដោត​យក​ចិត្ត​ទុកដាក់ ​គឺ​ជា​គុណសម្បត្តិ​មួយ​ដែល​មនុស្ស​គ្រប់រូប ជា​ពិសេស​យុវជន​ត្រូវ​​​​មាន​​សម្រាប់​បណ្ដុះ​ប្រាជ្ញា​ស្មារតី​​ និង​ដាស់តឿន​ខ្លួនឯង​​ប្រមូល​ផ្តុំ​ធនធាន​ផ្សេងៗ​សម្រាប់​បាញ់​ឆ្ពោះទៅ​រក​ គោលដៅ​​ដែល​បាន​​កំណត់។ ការ​​ស្ងប់ស្ងៀម គឺ​ជា​​​​ផ្លូវ​​ដែល​​​ល្អ​ប្រសើរ​​​ដើម្បី​​​ផ្ដោត​យក​ចិត្ត​ទុកដាក់​​ទៅ​​ អ្វី​ដែល​អ្នក​​​ចង់​បាន ហើយ​​ត្រូវ​ធ្វើ​​​ជានិច្ច​ មិន​ថា​​នៅ​កាលៈទេសៈ​ណា​នោះ​ទេ ព្រោះ​ថា​ការ​យក​ចិត្ត​ទុកដាក់​កាន់តែ​ច្រើន ភាគរយ​នៃ​ភាព​ជោគជ័យ​​​លើ​សកម្មភាព​​មួយ​ក៏​​មាន​ច្រើន​ទៅ​តាម​​នោះ​ដែរ។

​​​​​​​២. ទេពកោសល្យ «មនុស្ស​គ្រប់គ្នា​មាន​ទេពកោសល្យ។ ​មនុស្ស​ដែល​ចេះ​ប្រើ​ទេពកោសល្យ​របស់​ខ្លួន នឹង​អាច​ហែល​ផុត​ពី​ភាព​ខ្មៅ​​ងងិត​បាន​យ៉ាង​ងាយស្រួល»។​ អ្នកស្រី Erica Jong អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក​​របស់​អាមេរិក។ ទេពកោសល្យ​ពិត​ជា​មាន​សារសំខាន់​ណាស់​ សម្រាប់​មនុស្ស​គ្រប់រូប។ បុគ្គល​ណា​ក៏ដោយ ដែល​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​បាន​​កាន់តែ​ច្រើន គឺ​កាន់តែ​មាន​ទំនុក​ចិត្ត និង​កាន់​តែ​ជោគជ័យ។ មនុស្ស​ម្នាក់ៗ ​មិន​ត្រូវ​មើល​រំលង​ចំណុច​​នេះ​ឡើយ ព្រោះ​ថា​ អ្នក​​ដែល​ចេះ​ប្រើ​ទេពកោសល្យ​​របស់​ខ្លួន​បាន គឺ​ជា​អ្នក​ដែល​ដឹង​​ពី​ភាព​ខ្លាំង និង ភាព​ខ្សោយ​ខ្លួនឯង។


៣. ការ​អត់ធ្មត់ «​ធ្វើ​ខ្លួន​ឲ្យ​ដូច​ទឹកទន្លេ​​តែ​​​ទឹកហូរ​យឺតៗ ​និង​​​ទៅមុខ​ជា​និច្ច»។ លោក A.A. Milne អ្នកនិពន្ធ​​​សៀវភៅ​របស់​អង់គ្លេស។ការ​អត់ធ្មត់​គឺ​ជា​កាយវិការ​មួយ​ក្នុង​ការ​រង់ចាំ ឬ ការ​​បើក​ចិត្ត​ទទួល​យក​ស្ថានការណ៍​មួយ​យ៉ាង​ចំហ​ដោយ​មិន​ចេះ​តក់ក្រហល់។ ​មនុស្ស​ដែល​មាន​ការ​អត់ធ្មត់​ខ្ពស់ គឺ​ជា​មនុស្ស​ដែល​មាន​​ភាព​ជឿជាក់ ឲ្យ​តម្លៃ​លើ​​តថភាព​ (ភាព​ពិត) ដែល​នឹង​អាច​ទទួល​បាន​សមិទ្ធផល​​​ជា​វិជ្ជមាន​ទោះ​ក្នុង​ស្ថានការណ៍​ណា​ ក៏ដោយ។ បើ​លោក​អ្នក​មិន​មាន​ការ​អត់ធ្មត់​ខ្ពស់ ​គួរ​រៀនសូត្រ​ចំណុច​នេះ​ឲ្យ​បាន​ច្រើន​ភ្លាម​ទៅ ព្រោះ​ថា វា​ជា​ដំណើរ​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត និង​ ផ្លូវកាយ​សម្រាប់​​ខ្លួន​ឯង និង អ្នក​ដទៃ។

៤. ភាព​វិជ្ជមាន «ទោះជា​​ដុំ​ពពក​​​​​នាំ​ភ្លៀង ឬ ខ្យល់ព្យុះ​​​មក​ជាមួយ​ ​យ៉ាងហោចណាស់​វា​​ក៏​បាន​ជួយ​​បន្ថែម​ពណ៌​ឲ្យ​ផ្ទៃមេឃ​ដែរ»។ លោក Rabindranath Tagore អ្នក​អក្សរសាស្ត្រ​និយម​​​មក​ពី​តំបន់​បេងហ្គាល់​ (Bengal)​​
អរគុណ​ដល់​លោក Tagore ​ដែល​បាន​ផ្តល់​ដំបូន្មាន​នេះ ព្រោះ​ថា​បើ​យោង​តាម​ស្ថានភាព​ជាក់ស្តែង ​មនុស្ស​​មួយចំនួន​​បាន​គិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​ដែរ​។ ដូច្នេះ​ហើយ ​វា​គួរតែ​មាន​អ្វី​ម្យ៉ាង​សម្រាប់​ឲ្យ​មនុស្ស​ប្រភេទ​នេះ​ស្វែង​យល់​ហើយ។ យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ​គួរណាស់តែ​មាន​គំនិត​​សុទិដ្ឋិនិយម​ចំពោះ​ខ្លួន​ឯង និង អ្វីៗ​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។ បញ្ហា​​ គឺ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស តែ​អ្វី​ដែល​សំខាន់​ត្រូវ​មាន​​គំនិត​វិជ្ជមាន​ ផ្ដោត​លើ​ដំណោះស្រាយ​ជា​សំខាន់ ទើប​អ្នក​អាច​គេច​ផុត​ពី​ក្រញាំ​​​ទុក្ខព្រួយ​បាន​។​​​​​