(ភ្នំពេញ)៖ រយៈពេល២ខែ ដើមឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបបានជាង៤១,៣០០តោន កើនឡើងជាង១២.៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ទិន្នផលនេះបានបង្ហាញឲ្យដឹង នៅក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើវិស័យកសិកម្ម នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។

លោក វេង សាខុន បានបញ្ជាក់ប្រាប់ទូតអឺរ៉ុបថា «គួរឲ្យកត់សម្គាល់ផងដែរ ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប នៅតែបន្តមានការកើនឡើង គួរជាទីមោទនៈផងដែរ ដោយក្នុងរយៈពេល០២ខែ ដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ គឺមានការកើនឡើងជាង ១២.៨%។ ទិន្នផលសរុបសម្រាប់រយៈពេល០២ខែ ដើមឆ្នាំនេះ គឺបាននាំចេញអង្ករកម្ពុជាទៅ កាន់សហភាពអឺរ៉ុបបានជាង ៤១,៣ពាន់តោន និងបន្លែបានប្រមាណជា៣៤.៥តោនផងដែរ»។

លោករដ្ឋមន្ត្រី វេង សាខុន ក៏បានអបអរសាទរចំពោះលោកស្រី ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា។ទោះបីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព អឺរ៉ុបក្នុងរយៈពេលថ្មីៗនេះ បានជួបប្រទះនូវបញ្ហាមួយចំនួនក៏ដោយ តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលជានិច្ចជាកាលតែងតែ ផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើន លើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ដែលសហភាពអឺរ៉ុបនៅតែបន្តគាំទ្រ ដូចជាក្នុងអនុវិស័យជលផល ដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញប្បទានជាង១៤០លានអឺរ៉ូ ដើម្បីលើកកម្ពស់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។

លោករដ្ឋមន្ត្រីបានបន្ថែមថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនក្នុងពេលបច្ចុប្បន្ន និងជាពិសេសនា ពេលអនាគត ដែលចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលគឺប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ទាមទារឲ្យក្រសួងធ្វើកំណែទម្រង់គោលនយោបាយ និងបង្វែរទិសដៅរបស់ខ្លួន ពីការផលិតផលិតផលកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក។

ដូច្នេះ ដើម្បីឆ្លើយតប ក្រសួងបានខិតខំប្រឹងប្រែងជំរុញ ការធ្វើទំនើបកម្មកសិកម្ម យន្តុបនីកម្មកសិកម្ម កសិកម្មបៃតង និងជាពិសេសការពិពិធកម្មកសិកម្ម សំដៅទៅមុខដំណាំ ដែលកំពុងមានសក្តានុពលក្នុងទីផ្សារ ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ពោត -ល- និងជំរុញវារីវប្បកម្មទាំងត្រីទឹកសាប និងត្រីសមុទ្រ ផលិតកម្មសត្វ ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ រួមជាមួយការលើកទឹកចិត្តដល់ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដី ត្រូវការនៃទីផ្សារ និងកាត់បន្ថយការនាំចេញ វត្ថុធាតុដើមឲ្យនៅត្រឹមអប្បបរិមា។ ជារួម ការងារនេះសម្រេចទៅបាន គឺត្រូវមានកិច្ចសហការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងប្រទាក់ក្រឡាគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករដែលជាអ្នកផលិត។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបបន្ថែមទៀត ហើយបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីប្រយោជន៍ដល់ប្រជាជន និងប្រជាកសិករកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវត្តន៍រីក ចម្រើនលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបាន នាពេលបច្ចុប្បន្ន និងកន្លងមក។

លោកស្រី ក៏បានថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រី និងមន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល តែងតែ ផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ដល់ក្រុមការងារនៃសហភាពអឺរ៉ុប រួមគ្នាសម្រេចបានសមិទ្ធផលជាច្រើន ដែល សមិទ្ធផលទាំងអស់នេះហើយ បាននិងកំពុងជួយឲ្យវិស័យកសិកម្ម មានការរីកចម្រើនជាបន្តបន្ទាប់ ហើយបានចាត់ ទុកជាវិស័យមួយដ៏សំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានឯកភាពចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី ពិសេសលើការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម លើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួចជាមួយការ ប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះ លោកស្រីបានបញ្ជាក់ថា គឺត្រូវបានចាត់ទុកជាអាទិភាព ក្នុងផែនការយុទ្ធសាស្ត្រថ្មី សម្រាប់គាំទ្រដល់កម្ពុជា ក្នុងវិស័យកសិកម្ម។ ដូច្នេះលោកស្រីជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី និងគម្រោងឆ្លើយតប ទៅនឹងផែនការ យុទ្ធសាស្ត្រថ្មីនេះ៕