ផ្លូវលំមួយខ្សែប្រវែងជាង2,000ម៉ែត្រ ដែលរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានអាជ្ញាធរ ជួសជុលកែលំអរឡើងវិញ

141

បន្ទាយមានជ័យ៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការធ្វើដំណើរ ប្រកបមុខរបរប្រចាំថ្ងៃ ជាពិសេសកម្មករ កម្មការនីរោងចក្រ សិស្សានុសិស្ស ពិបាកធ្វើដំណើរ អាជ្ញាធរក្រុង សង្កាត់ ភូមិបានជួសជុលកែលំអរផ្លូវលំមួយខ្សែឡើងវិញបន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។
អាជ្ញាធរប្រាប់ថា ផ្លូវមួយខ្សែនេះទំហំ10ម៉ែត្រ ប្រវែងជាង2,000ម៉ែត្រ ជាផ្លូវតភ្ជាប់សង្កាត់ចំនួន2 ត្រង់ចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ58 ក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ឆ្ពោះទៅកាន់ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ដែលរងការខូចខាតក្រឡុកធំៗ នៅព្រឹកថ្ងៃទី27 ខែតុលា ឆ្នាំ2021នេះ ត្រូវបានអាជ្ញាធរកំពុងធ្វើការជួសជុលកៀរកិនបង្ហាប់ដាក់កំទេចថ្មភ្នំជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នសិន រួចរៀបចំចាក់ថ្មមិកជាបន្តបន្ទាប់។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ជាផ្លូវសំខាន់ខ្លាំងណាស់ដែលជាផ្លូវសំរាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើររកស៊ីទទួលទានប្រចាំថ្ងៃ និងកម្មករ កម្មការនីរោងចក្រ សិស្សានុសិស្សទៅសាលារៀន។ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមថា ផ្លូវនេះ ជាផ្លូវដែលចាក់ថ្មមិក ដើមឡើយពិតជាផ្លូវស្រួលធ្វើដំណើរខ្លាំងណាស់ ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនក្រឡុកបេតុងបង្កើតនៅក្នុងភូមិចំនួន2កន្លែងមក ឃើញថា មានរថយន្តធំៗដឹកខ្សាច់ ដឹកថ្ម ដឹកស៊ីម៉ង់ត៍ រួមទាំងដឹកជញ្ជូនបេតុងឆ្លងកាត់ទៀតនោះ ធ្វើឲ្យផ្លូវខាងលើខូចខាតធ្ងន់ធ្ងរ ក្រឡុកធំៗបែកភក់ រអិល កន្លែងខ្លះក៏ស្អិតទៅមុខមិរួច ជាពិសេសក្រុមហ៊ុនធ្វើការដឹកជញ្ជូនពេលផ្លូវនៅជ្រាយ ឬកំពុងមានភ្លៀងធ្លាក់ជាដើម៕

អត្ថបទនិងរូបភាពដោយ៖ សៅនៅ