ស្ករ និងអំបិល តើ ១ណាបំផ្លាញរាងកាយខ្លាំងជាង?

256

រាល់ថ្ងៃនេះ យើងតែងបានឮគេនិយាយថា ធ្វើអ្វីក៏ដោយ ចូររក្សាភាពសមល្មម រក្សាចំណុចកណ្ដាលឱ្យបាន (កុំជ្រុលពេក និងក៏កុំតិចពេកដែរ) ជាពិសេសក្នុងរឿងការទទួលទានអាហារ។ តែពេលនិយាយអំពីរឿងស្ករ និងអំបិលវិញ យើងក៏ធ្លាប់បានឮមកច្រើនដែរហើយថា បើទទួលទានក្នុងបរិមាណច្រើនជ្រុលពេក នឹងហុចផលអាក្រក់ដល់រាងកាយរបស់យើង តែវាប្រាកដណាស់ថា ទាំងស្ករ និងអំបិល គឺសុទ្ធតែមានភាពសំខាន់ចំពោះរាងកាយរបស់យើង ដោយខួរក្បាលត្រូវការស្ករ ដើម្បីបង្កើនកម្លាំងថាមពល ឯសាច់ដុំ ក៏ត្រូវការអំបិល ដើម្បីសាងតុល្យភាពរាងកាយ ដូចគ្នា។

សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ  Touro College នៅទីក្រុងនីវយ៉ក បាននិយាយថា ការទទួលទានស្ករ និងអំបិលច្រើនជ្រុលពេក នឹងហុចផលប៉ះពាល់ដល់សុខភាពរបស់យើងច្រើនណាស់ ដូច្នេះពេលនេះសូមមកមើលពីផលប៉ះពាល់ដល់រាងកាយ ដោយសារស្ករមុនសិនប្រសើរជាង…

ស្ករ

បើយើងទទួលទានអាហារពីធម្មជាតិ យើងនឹងបានជាតិស្ករ ក្នុងបរិមាណមិនច្រើនប៉ុន្មានទេ។ អាហារធម្មជាតិដែលមានជាតិស្ករ ច្រើនតែមកពីផ្លែឈើ តែបញ្ហារបស់យើង ស្ថិតនៅត្រង់ការទទួលទានជាតិស្ករ ដែលបានមកពីការចម្រាញ់ ហើយយើងបន្ថែមវា ចូលទៅក្នុងអាហារ ដែលយើងទទួលទាន ដើម្បីបង្កើនរសជាតិ។

បើយើងសាកល្បងមកមើលអាហារធម្មជាតិ ដូចជា ទឹកដោះ និងទឹកផ្លែឈើ 100% វិញនោះ អាហារពពួកនេះ មានជាតិស្ករពីធម្មជាតិ និងមានថាមពលមួយចំនួន ខណៈពេលជាមួយគ្នា ក៏មានគុណតម្លៃខាងអាហារផ្សេងៗទៀតផងដែរ ដូចជាវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីនក្នុងទឹកដោះ និងប៉ូលីហ្វ៊ីណុល ជាដើម។ ចំណែកភេស

ជ្ជៈដែលលាយស្ករ ដូចជាទឹកក្រូចកំប៉ុង ទឹកតែ ឬកាហ្វេទឹកដោះគោ ពពួកនេះច្រើនមានស្ករជាចម្បង ខណៈដែលគុណតម្លៃខាងអាហារ មានតិចតួចប៉ុណ្ណោះ ហើយពពួកនំផ្សេងៗ ក៏ដូចគ្នាដែរ។ អាហារពពួកនេះ គ្មានកាកសរសៃអាហារ ប្រូតេអ៊ីន វីតាមិន ឬសារធាតុរ៉ែ ដែលមានប្រយោជន៍ដល់រាងកាយច្រើនទេ។ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយ ដែលអ្នកទទួលទានរបស់ប្រភេទនេះចូលទៅច្រើនៗ នឹងធ្វើឱ្យកើតរោគធាត់ និងខ្វះសារធាតុអាហារដែលចាំបាច់។

អ្នកជំនាញខាងភោជនាហារមកពីរដ្ឋ​តិចសាស់បាននិយាយថា ស្ករគ្រប់ប្រភេទ មិនថាតែស្ករស ទឹកស្ករ ឬស្ករត្នោតនោះទេ សុទ្ធតែហុចផលដល់រាងកាយមិនខុសគ្នាឡើយ នោះគឺ វានឹងទៅបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម ដែលជាហេតុនាំឱ្យមានការផលិតសារធាតុអ៊ីនស៊ូលីន ហើយរាងកាយរបស់យើងនឹងបញ្ចេញអ៊ីនស៊ីលីននេះ ដើម្បីបណ្ដេញជាតិស្ករចេញពីក្នុងឈាមទៅក្នុងកោសិកា ដើម្បីប្រើប្រាស់ក្នុងការផ្ដល់កម្លាំងថាមពល។ កម្មវិធីនេះក៏ជាកម្មវិធីទូទៅមួយរបស់រាងកាយដែរ តែបើសិនជាពេលណាយើងបរិភោគស្ករច្រើនជ្រុលពេក កម្មវិធីប្រមូលសន្សំជាតិខ្លាញ់ នឹងធ្វើការខ្លាំងឡើង។ រឹតតែរាងកាយសាងអ៊ីនស៊ូលីនច្រើនឡើងពេលណា ក៏នឹងរឹតតែសន្សំខ្លាញ់ច្រើនឡើងពេលនោះដែរ លុះយូរថ្ងៃទៅ ក៏អភិវឌ្ឍទៅជារោគទឹកនោមផ្អែមប្រភេទទី២ ហើយនឹងបង្កើនភាពប្រឈមនឹងការកើតរោគក្រលៀន រោគបេះដូង និងរោគសរសៃឈាមកកស្ទះទៀតផង។

ការដែលរាងកាយ បានទទួលជាតិស្ករច្រើនជ្រុលពេក ជាពិសេសស្ករចម្រាញ់ នឹងធ្វើឱ្យប្រព័ន្ធការរំលាយបឺតជ្រាបអាហាររបស់យើង ប្រែប្រួលទៅតាមនោះដែរ។ ការរលាកក្លាយ នឹងងាយកើតឡើង និងនាំឆ្ពោះទៅរកជំងឺចង្រៃច្រើនយ៉ាង។ លោក Rachel Head អ្នកជំនាញការ ដែលធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម បានប្រាប់ថា មានការសិក្សាស្រាវជ្រាវមួយ បានរកឃើញភាពពាក់ព័ន្ធគ្នា របស់ការបរិភោគស្ករច្រើនជ្រុលពេក ជាមួយនឹងការមានកម្រិតខ្លាញ់ក្នុងឈាមខុសប្រក្រតី លើសឈាម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺបេះដូង។

អំបិល

អីលូវ យើងនាំគ្នាមកមើលពីផលអាក្រក់ ពីការបរិភោគអំបិលច្រើនជ្រុលពេក(ញ៉ាំប្រៃ)វិញម្ដង។ ប្រាកដណាស់ថា រាងកាយរបស់យើងត្រូវការអំបិល ដើម្បីធ្វើការងារ ដែលរក្សាតុល្យភាពរបស់កោសិកាក្នុងរាងកាយ តែអំបិលដែលច្រើនជ្រុលពេក ក៏ហុចផលប៉ះពាល់ដល់រាងកាយរបស់យើងបានដូចគ្នា។ អ្នកជំនាញការ បាននិយាយថា សម្រាប់មនុស្សដែលមានសុខភាពល្អ ការបានទទួលអំបិលក្នុងបរិមាណមធ្យមដល់ច្រើនបន្តិចក៏ដោយ ក៏រាងកាយរបស់យើងចាត់ការបានដែរ តែបើសិនជាបានទទួលក្នុងបរិមាណដែលច្រើនជ្រុលពេកជាប់ៗគ្នារយៈពេលយូរនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងពិតប្រាកដ។ មានការណែនាំថា យើងគួរញ៉ាំអំបិលក្នុង ១ថ្ងៃ ឱ្យតិចជាង ២ ៣០០មីល្លីក្រាម ឬប្រមាណជា ១ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។ តែមនុស្សភាគច្រើននាំគ្នាបរិភោគប្រមាណជា ៣ ៤០០មីល្លីក្រាម ក្នុង ១ថ្ងៃ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកជំនាញការជឿថា សូដ្យូមធ្វើឱ្យកើតសភាវសម្ពាធឈាមឡើងខ្ពស់ (លើសឈាម) ហើយការដែលយើងមិនអាចគ្រប់គ្រងសម្ពាធឈាមបាននោះ វានឹងនាំឆ្ពោះទៅរកបញ្ហាសុខភាពជាច្រើន ទាំងជំងឺបេះដូង សរសៃឈាមកកស្ទះ និងរោគក្រលៀន។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា រាងកាយរបស់មនុស្សមួយចំនួន មានភាពឆាប់រហ័សជាមួយអំបិលណាស់ រឹតតែបើសិនជាអ្នកណាដែលមានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ រឹតតែត្រូវប្រយ័ត្នខ្លាំងបំផុត។ អាហារដែលយើងទទួលទានតាមភោជនីយដ្ឋាន មានអំបិលច្រើន ក្រៅពីនោះនៅពេញទៅដោយខ្លាញ់ និងផ្ដល់ថាមពលខ្ពស់ទៀតផង ដូច្នេះបើសុខភាពរបស់យើងមិនរឹងមាំ មានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ គួរធ្វើម្ហូបអាហារដោយខ្លួនឯងញ៉ាំនៅផ្ទះវិញប្រសើរជាង។

ដូច្នេះ បើចង់ឱ្យសរុបនោះគឺ មិនថាតែស្ករ ឬអំបិលនោះទេ បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក គឺនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរប៉ុនៗគ្នាហ្នឹងឯង៕