ភ្នំពេញ ៖ នេះបើយោងតាមការចេញផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានថ្លែងថា អ្នកកម្មង់ទិញ សម្លៀក បំពាក់ពីកម្ពុជាមួយចំនួន ជូនដំណឹងមកខាង GMAC ដោយស្នើឲ្យមានការផ្អាកការ ដឹកជញ្ជូន ទំនិញវាយនភណ្ឌ នៃវិស័យកាត់ដេរ ទៅកាន់ទីផ្សារ អឺរ៉ុប-អាមេរិក ដោយសារការរីករាលដាល នៃវីរុសកូវីដ-១៩ ។

អ្នកនាំពាក្យ GMAC ថ្លែងបែបនេះ ក្រោយពីកម្ពុជាទើបតែទទួលបាន វត្ថុធាតុដើមជាថ្មីពីប្រទេសចិន ក្រោយរោងចក្រ មួយចំនួននៅកម្ពុជាមានការអាក់ខានផលិតដោយសារចិនជាប់ដៃប្រយុទ្ធនឹងវីរុស កូវីដ-១៩ ។

ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដឹងព័ត៌មាន អឺរ៉ុប-អាមេរិក ផ្អាកទិញទំនិញពីកម្ពុជា ដោយសាររីករាលដាល កូវីដ-១៩ កាន់តែច្បាស់ Cam asia នារសៀលថ្ងៃទី១៩ មីនា បានធ្វើការទំនាក់ទំនងទៅលោក កាំង ម៉ូនីកា ចំនួន២ដង ដោយទូរស័ព្ទរបស់លោកកំពុងជាប់រវល់។

លោក កាំងម៉ូនីកាមានប្រសាសន៍ថា«ទីផ្សារបញ្ជាទិញមួយចំនួនបានស្នើឲ្យមានការផ្អាកដឹកជញ្ជូនទំនិញទៅកាន់ទៅទីនោះ គឺសំដៅទៅលើទីផ្សារសហរដ្ឋអាមេរិកនិងទីផ្សារអឺរ៉ុបដែលពេលនេះទីផ្សារធំទាំងពីរកំពុងទទួលរងនូវផលប៉ះពាល់ពីកូវីដ-១៩យ៉ាងខ្លាំង»។

លោកបន្ដថាប្រឈមនឹងការរាលដាលនៃវីរុសកូវីដ-១៩ នៅដើមឆ្នាំ២០២០នេះ រោងចក្រមួយ ចំនួន បានប្រកាស ព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើម ដោយផ្តល់ប្រាក់ឈ្នួល សរុបដល់កម្មករនិយោជិត ចំនួន៦០% ភ្ជាប់នឹងលក្ខខណ្ឌ តម្រូវឲ្យកម្មករត្រូវចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម ។ ក៏ប៉ុន្តែកាលពីសប្តាហ៍មុន ប្រទេសចិន បានបញ្ជូនវត្ថុធាតុដើម ជាច្រើន នាវាមកកម្ពុជា ជាហេតុធ្វើឲ្យសង្វាក់ផលិតកម្ម នៃវិស័យកាត់ដេរ បានដំណើរការឡើងវិញ ។

មកទល់ពេលនេះ ឧស្សាហកម្មមួយនេះ មានឱកាសផលិតទំនិញសម្រាប់ផ្គត់ផ្គង់ហើយ ក៏ប៉ុន្តែ បែរជាមិនមាន ទីផ្សារនាំចេញ ដោយសារ អ្នកបញ្ជាទិញនៅអឺរ៉ុប និងអាមេរិកឲ្យផ្អាកការផ្គត់ផ្គង់ទំនិញ ខណៈដែលតំបន់ទាំងពីរ ដែលជាទីផ្សារ សំខាន់របស់វិស័យកាត់ដេរកម្ពុជា កំពុងប្រឈមនឹងការឆ្លងរាលដាល នៃមេរោគកូវីដ-១៩។

ទោះយ៉ាងណាអ្នកនាំពាក្យGMACបានបញ្ជាក់ថាសមាគមនៅមិនទាន់មានការ សម្រេចយ៉ាងណានៅឡើយទេ ដោយពេលនេះ GMAC កំពុងធ្វើការស្រង់ព័ត៌មាន ពីក្នុងចំណោមសមាជិករបស់ខ្លួនថា តើគួរតែមានការផ្អាកផលិតកម្ម នៃវិស័យនេះជាបណ្តោះអាសន្ន ឬយ៉ាងណា ។

សូមបញ្ជាក់ថា វិស័យកាត់ដេរកម្ពុជា បាននាំទៅកាន់ទីផ្សារអឺរ៉ុប ចំនួនជាង៤០% និងទៅកាន់ទីផ្សារអាមេរិក ប្រមាណជា ៣០%។ ឧស្សាហកម្មមួយនេះ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយ ដ៏សំខាន់របស់កម្ពុជា ដោយក្នុងមួយឆ្នាំៗកាត់ដេរ អាចរក ចំណូលបានជាង៦ពាន់លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋខ្មែរ រាប់សែននាក់ ដែលនេះជាផ្នែកមួយ នៃការជួយ កាត់បន្ថយភាពក្រីក្រផងដែរ ៕