ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសដល់ទណ្ឌិត សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ នៅពេលនេះ មានទណ្ឌិតសរុប៣៩៩ នាក់ (ស្រី ៤៣នាក់) ស្នើដោយពីគណៈកម្មការរាជធានី-ខេត្តចំនួន២២(ពន្ធនាគារ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤) ដើម្បីដាក់ជូនក្រសួងយុត្តិធម៌ និងវាយតម្លៃបញ្ជីរឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ត្រួតពិនិត្យ មុននឹងដាក់ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើថ្វាយព្រះមហាក្សត្រលើកលែងទោស និងបន្ធូរបន្ថយទោស។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតចំនួន៣ដងក្នុង១ឆ្នាំៗ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូកផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៩ កន្លងទៅនេះ មានអ្នកទោសចំនួន១៣៤នាក់ ត្រូវបានរាជរដ្ឋាភិបាល សម្រេចស្នើថ្វាយព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយ និងលើកលែងទោស។ ក្នុងចំណោមអ្នកទោសដែល១៣៤នាក់នោះ រួមមាន៖ ស្នើបន្ថយទោស៦ខែ៖ ៥៧នាក់ (ស្រី៦នាក់), ស្នើបន្ថយទោស៩ខែ៖ ១៩នាក់(ស្រី២នាក់), ស្នើបន្ថយទោស១២ខែ៖ ៤០នាក់(ស្រី១៧នាក់), ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ៖ ២នាក់ (ស្រី២នាក់) និង ស្នើលើកលែងទោស: ១៦នាក់ (ស្រី១នាក់)៕