(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបារាំង បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃបំបែកកំណត់ត្រាថ្មីមួយដល់ទៅជិត ១០០,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈកំពុងប្រឹងប្រែងទប់ស្កាត់ការឡើងករណីឆ្លង ដែលបង្កឡើងដោយមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលបារាំង ពេញមួយថ្ងៃសុក្រសប្ដាហ៍នេះ អ្នកឆ្លង COVID-19 ចំនួន ៩៤,១២៤នាក់ ត្រូវបានរាយការណ៍ ហើយក្នុងរយៈពេលដូចគ្នាអ្នកជំងឺ ១៦៧នាក់ ក៏ត្រូវបានអះអាងថាបានស្លាប់ផងដែរ ខណៈរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះដោយមាន ជាច្រើនអាចនឹងមានការប្រកាសពីការដាក់ចេញវិធានការរឹតត្បិតឡើងវិញ ។

ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសបារាំងមានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron ដែលគេព្យាករថាអាចនឹងរ៉ាប់រងករណីឆ្លង ទាំងអស់នៅដើមឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា បារាំងឈរនៅលេខរៀងទី៧ ក្នុងនាមជាប្រទេសមានអត្រាអ្នកឆ្លង COVID-19 ខ្ពស់នៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ៨.៩៨លាននាក់ ក្នុងនោះស្លាប់ ១២២,៤៦២នាក់ និងជាសះស្បើយឡើងវិញ ៧.៧៥លាននាក់៕

ប្រភព៖ freshnews