ព្រឹកនេះ បន្ទប់ប្រឡង ៤,៦១៦បន្ទប់ទូទាំងប្រទេស បើកទ្វារស្វាគមន៍បេក្ខជនប្រឡងបាក់ឌុបជាង១១ម៉ឺននាក់

102

(ភ្នំពេញ)៖ នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ បន្ទប់ប្រឡង ៤,៦១៦បន្ទប់ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តទូទាំងប្រទេស បានបើកទ្វារស្វាគមន៍បេក្ខជនទាំងជាង ១១ម៉ឺននាក់។

នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ជាទីដែលរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាប្រឡង។

ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣នាក់ ស្រី ៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ដោយឡែកមណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌលត្រូវជា ៤ ៦១៦ បន្ទប់។

ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយបែងចែកជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺផែនដី និងបរិស្ថានវិទ្យា មានរយៈពេល៦០នាទី និងប្រវត្តិវិទ្យា មានរយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជាផងដែរ គឺភូមិវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី២វិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺគណិតវិទ្យា រយៈពេល៩០នាទី និងសីលធម៌ ពលរដ្ឋវិជ្ជា មានរយៈពេល៩០នាទី។ ពេលរសៀល មានមួយមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី។

សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ មុខវិជ្ជាដែលត្រូវប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃដំបូង ពេលព្រឹកមានពីរមុខវិជ្ជា គឺប្រវត្តិវទ្យា រយៈពេល៦០នាទី និងជីវវិទ្យា រយៈពេល៩០នាទី។ ពេលរសៀលមានពីរមុខវិជ្ជា គឺគីមីវិទ្យា រយៈពេល៩០នាទី និងភាសាបរទេស រយៈពេល៦០នាទី។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី២វិញ ពេលព្រឹកមានពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ រយៈពេល៩០នាទី និងរូបវិទ្យា រយៈពេល៩០នាទី និងពេលរសៀល គណិតវិទ្យា រយៈពេល១៥០នាទី។

រយៈពេលប្រឡង២ថ្ងៃ ស្មើនឹង៦៣០នាទី មានរបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេស ជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់ គឺ៥០០ ដក២៥ រួចចែកនឹង២ស្មើនឹង២៣៧.៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ។

ការកំណត់និទ្ទេសមាន៥ កម្រិត គឺនិទ្ទេស A, B, C, D និង E ។ ការកំណត់និទ្ទេសមានដូចខាងក្រោម៖
* និទ្ទេស A ល្អប្រសើរ = ពិន្ទុសរុប គុណនឹង ០.៩
* និទ្ទេស B ល្អណាស់ = ពិន្ទុសរុប គុណនឹង ០.៨
* និទ្ទេស C ល្អ = ពិន្ទុសរុប គុណនឹង ០.៧
* និទ្ទេស D ល្អបង្គួរ = ពិន្ទុសរុប គុណនឹង ០.៦
* និទ្ទេស E មធ្យម = ពិន្ទុសរុប គុណនឹង ០.៥។

ក្រសួងអប់រំបានកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ៕

ប្រភព៖ freshnews