រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា កសិដ្ឋានរបស់ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ក្នុងក្រុងបាត់ដំបង បានដើរតួនាទីពីរសំខាន់ ដែលបានអនុញ្ញាតឱ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកហាត់ការ ដើម្បីអនុវត្តជាក់ស្តែង តាមបច្ចេកទេសជប៉ុនទំនើប ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋាននេះកំពុង ដើរតួនាទីពីរសំខាន់គឺ ទី១៖ ធ្វើការអនុញ្ញាតឱ្យនិស្សិតដែលកំពុងសិក្សាផ្នែកកសិកម្មនៅតាមបណ្តាសកលវិទ្យាល័យនានា បានមកធ្វើការ ហាត់ការ ដើម្បីអនុវត្តជាក់ស្តែងតាមបច្ចេកទេសជប៉ុនទំនើប ដែលជាធាតុចូលបន្ថែមទាំងទ្រឹស្តី និងការប្រតិបត្តិផ្ទាល់ ជួយបំពេញបន្ថែមចំណេះ ជំនាញដើម្បីបង្កើនសមត្ថភាពរបស់និស្សិត ប្រែក្លាយពួកគេទៅជាដៃគូផលិតសំរាប់ក្រុមហ៊ុនវិញក្រោយការបញ្ចប់ការសិក្សា និងអាចក្លាយជា ធនធានមនុស្សគ្រប់គ្រងការងារផលិតកសិផលជាលក្ខណៈ(Franchize) ។

ទី២៖ កសិដ្ឋានកំពុងអនុវត្តជាមួយកសិករក្នុងរូបភាព ដោយពុំតម្រូវឱ្យកសិករចំណាយអ្វីទាំងអស់ក្នុងរយៈពេល១ឆ្នាំ កំទ្បុងពេលផលិតបាន ក្រុមហ៊ុនប្រមូលទិញមកវិញដោយមានកិច្ចសន្យា ហើយរាល់ការចំណាយ និងបច្ចេកទេស ផែនការដាំដុះជាដើមជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់ ។ កសិដ្ឋានមានបុគ្គលិកជំនាញ៣នាក់ និស្សិតហាត់ការ ៥នាក់ និងកម្មករ ៤នាក់ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជូនដល់និសិត្សហាត់ការនៃសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ឱ្យខិតខំ សិក្សាយកនូវបទពិសោធន៍ក្នុងពេលហាត់ការនេះ ដោយស្វែងយល់បន្ថែមទៅលើសេដ្ឋកិច្ច ជាពិសេសការគិតគូបប្រាក់ចំណូលក្នុងការដាំដុះ កសិផលកសិកម្ម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនទៅកសិករ និងឈានឆ្ពោះទៅជាអ្នកដឹកនាំក្នុងវិស័យកសិកម្ម។

សូមបញ្ជាក់ថា កសិដ្ឋាននេះមានផ្ទៃដីជាង ១,៥០ហិកតា ដែលបច្ចុប្បន្នកំពុងប្រមូលផលត្រសក់ផ្អែម (Melon) និងប៉េងប៉ោះពណ៌លឿង ក្រហម និងផ្កាឈូក ដែលដាំក្នុងផ្ទះសំណាញ់ ១០ផ្ទះ ដោយប្រើបច្ចេកទេសរបស់ជប៉ុន ជាពិសេសអនុវត្តការដាំដុះបណ្តាក់ដែលអាចប្រមូលផលជាប្រចាំ រៀងរាល់សប្តាហ៍ ។ ម្យ៉ាងវិញទៀត ផលិតផលទាំងអស់នេះត្រូវបានក្រុមហ៊ុនលក់ដោយផ្ទាល់ ដល់អ្នកទទួលទាន តាមរយៈការបញ្ជាទិញ តាមរយៈអនទ្បាញ និងហាងរបស់THE fresh (នៅបឹងកេងកង រាជធានីភ្នំពេញ) ៕

ប្រភព៖ ក្រសួងព័ត៌មាន