ប្រជាកសិកររស់នៅសហ គមន៍ព្រៃធំអន្លងធំ លើខ្នងភ្នំគូលេន បាននាំគ្នាដាំដុះប្រទាលថ្លើមឆ្កែឬហៅថា(ខ្ជាយខ្មៅ) សម្រាប់ជាឱសថព្យាបាលជំងឺជាច្រើន ដើម្បីលក់បំពេញតម្រូវការអ្នកប្រើប្រាស់។

លោក រ៉ាត់ រឿយ ប្រធានបណ្តាញថ្នាក់មូលដ្ឋានឧទ្យាន ជាតិភ្នំគូលេន បានឱ្យដឹងថា រយៈពេលជាង២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ព្រៃធំអន្លងធំ បានងាកមកចាប់ផ្តើមការងារដាំដុះប្រទាលថ្លើមឆ្កែ(ខ្ជាយខ្មៅ) សម្រាប់ជាឱសថព្យាបាលជំងឺជាច្រើនមុខ និងលក់ចេញបំពេញតម្រូវការទីផ្សារ។

លោកបន្តថា ខ្ជាយខ្មៅជារុក្ខជាតិមើមមួយប្រភេទ មានភាពងាយស្រួលក្នុងការដាំដុះ និងថែទាំ ដែលមានដើម កំណើតតាំងពីយូរលង់ណាស់មកហើយនៅលើខ្នងភ្នំគូលេន ប៉ុន្តែទើបទទួលបានការចាប់ អារម្មណ៍ដាំដុះ នៅពេលក្រសួងបរិស្ថានជួយស្វែងរកទីផ្សារលក់ចេញឱ្យ ហើយក៏ទទួលបានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋ និងអតិថិជនជាអ្នកប្រើប្រាស់។

ខ្ជាយខ្មៅនេះលេច ធ្លោឡើងនៅដើមឆ្នាំ២០០៨ ប៉ុន្តែបើពូជគឺមានតាំងពីយូរ យារណាស់មកហើយ តែយើងអត់សូវបានចាប់ អារម្មណ៍ អត់សូវបានដាំដុះបន្ថែមពង្រីកដូចឥឡូវទេ ក្នុងដំណាក់កាល២ឆ្នាំនេះ ពី២០១៩មកដល់ឥឡូវឃើញថាកើនឡើងទាំងការប្រមូលផល និងការចាប់ អារម្មណ៍របស់កសិករ អ្នកភូមិគាត់អាចពង្រីកពីគ្រួសារមួយទៅគ្រួសារមួយបន្ថែម បើកាលពីមុនមានតែចំនួនប្រហែល២០គ្រួសារ តែឥឡូវអាច៥០ភាគរយ នៃការដាំ ដោយសារដំបូងឡើយ ក្រសួងបរិស្ថានគាត់បានជួយរកទីផ្សារឱ្យ ឃើញថាមាន តម្លៃខ្ពស់ដែរ គាត់ចាប់ អារម្មណ៍ ហើយផលិតផលហ្នឹងវាត្រូវទាក់ទងជំងឺច្រើនដែរ គាត់ចាប់ផ្តើមពង្រីកបានច្រើន។

លោកស្រីមៀន ម៉ូដ អ្នក គ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ នៃអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF)បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជា កសិករប្រមាណជាង១០០ គ្រួសារ នៅក្នុងសហគមន៍ព្រៃធំអន្លងធំ បាននាំគ្នាដាំដុះខ្ជាយខ្មៅនេះ ដោយមានការជួយជ្រោមជ្រែង ពីអាជ្ញាធរក្នុងតំបន់ និងអង្គការអាគ្រីស៊ុត ដោយបានបង្កើតជាក្រុមអ្នកផលិតនិងក្រុមសម្ងួត នៅ ក្នុងសហគមន៍ និងចងក្រងជាក្រុម ដើម្បីលក់ចេញផលិត ផលដែលផលិតបាន។ លោកស្រីបន្តថា ដោយសារទទួលបានការគាំទ្រពីសំណាក់អតិថិជន ព្រោះអាចព្យាបាលជំងឺជាច្រើនមុខ ហើយខ្ជាយខ្មៅដែលសម្ងួតរួចរាល់ អាចលក់ចេញបាន ក្នុងតម្លៃ៣៥ដុល្លារក្នុងមួយគីឡូក្រាម។

សម្ងួតហើយក្នុងមួយគីឡួក្រាម៣០ដុល្លារ ហើយយើងមិនទាន់មានសំបកវេចខ្ចប់បានត្រឹមត្រូវនោះទេ គ្រាន់តែធ្វើការច្រកថង់ធម្មតា ដោយសារមិនទាន់បានចូលមន្ទីរពិសោធន៍ឱ្យបានជាក់លាក់ ដោយសារទើបធ្វើរោងសម្ងួតរួច អ៊ីចឹងមិនទាន់ដំណើរការបានល្អ នៅឆ្នាំ២០២២នេះយើងនឹងយកទៅពិសោធន៍បានជាក់លាក់ ដើម្បីឱ្យយកទៅប្រើប្រាស់មានសេចក្តីទុកចិត្ត។

សូមជម្រាបផងដែរថា ប្រទាលថ្លើមឆ្កែ(ខ្ជាយខ្មៅ)  ត្រូវបាននិយមយកមកប្រើ ប្រាស់ ជាឱសថប៉ូវកម្លាំង សម្រួលសសៃឈាមឱ្យដើរបានល្អ សម្រួលចង្វាក់បេះដូង កាត់បន្ថយជាតិស្ករនៅក្នុងសសៃឈាម និងអាចព្យាបាលជំងឺចំនួនទៀត ដែលត្រូវបានប្រជាសហគមន៍នៅក្នុងសហគមន៍ព្រៃធំអន្លងធំ ធ្វើការដាំដុះដើម្បីលក់បំពេញតម្រូវការទីផ្សារ៕

ប្រភព៖ក្រសួងព័ត៌មាន