ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអបអរសាទរកម្ពុជា ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលទទួលបានការតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីការផ្លាស់ប្តូរទស្សនកិច្ច ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឱ្យកាន់តែជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាពង្រឹងការគាំទ្រទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព ភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់។
ឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានសំណូមពរកម្ពុជាបន្តគាំទ្រសំណើរបស់បង់ក្លាដែសសុំធ្វើជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។
ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះបំណងរបស់បង់ក្លាដែស ចង់ក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន និងស្នើឱ្យបង់ក្លាដែសពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងតំបន់។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសន្យានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តាមរយៈយន្តការអាស៊ាន ដើម្បីធានាដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរដ្ឋរ៉ាខាញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា៕