បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមចោរឆក់កូបូប ទូរសព្ទ យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្ត នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវមុខសញ្ញាក្រុមចោរឆក់ យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត រហូតបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
ទី១/.ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ឃាត់ខ្លួននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុច(អគារថ្មី) ស្ថិតនៅក្នុងភូមិ អូរជ្រៅ សង្កាត់/ ក្រុងប៉ោយប៉ែត ឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ជាមួយឈ្មោះ អាហុងហៅចយ បានប្រហែលចំនួន៦លើក។ ទី២/.ឈ្មោះសៀង ដែន ភេទប្រុស អាយុ១៤ ឆ្នាំជនជាតិខ្មែរ ឃាត់ខ្លួនបាននៅចំនុច ខាងជើងវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងបានឆ្លើយសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពបានសម្រេច៤ដង និងទី៣/.ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ មិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាននៅជិតផ្ទះ និងបានឆ្លើយសារភាពថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២យប់ ខ្លួនបានចេញធ្វើសកម្មភាពឆក់ មានគ្នា៦នាក់ ម៉ូតូ៣គ្រឿង ឈ្មោះចាន់ណា ជាអ្នកឌុបខ្លួន ហើយខ្លួនជាអ្នកឆក់ទូរសព្ទមួយគ្រឿង។
លោក អធិការបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ជាមុខសញ្ញាឆក់កាបូប និងទូរសព្ទយ៉ាងសកម្ម ដែលមានទីលំនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រុមជនសង្ស័យខាងលើនេះ ពិតជាដឹងភូមិសាស្ត្រក្រុងប៉ោយប៉ែតយ៉ាងច្បាស់ ពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត រកជនសង្ស័យ ជាមុខសញ្ញាឆក់ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតបន្ថែមទៀត៕

អត្ថបទនិងរូបភាពដោយ៖ សៅ នៅ