ភ្នំពេញ៖ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) លើកឡើងថា ប្រសិនបើប្រភេទកីឡាអេឡិចត្រូនិកមិនរីកចម្រើនទាល់តែសោះក្នុងស៊ីហ្គេម នៅវៀតណាម នាខែ ឧសភា ឆ្នាំ២០២២ ទេ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នា ថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបញ្ជាក់ទៀតថា សម្រាប់ការត្រៀមស៊ីហ្គេម ឆ្នាំ២០២២នេះ ឯកឧត្តមមិនចង់និយាយអំពីថាតើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែឯកឧត្តមចង់ឃើញពីក្រាហ្វិកកើនឡើងពីចន្លោះស៊ីហ្គេមលើក ទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ថាតើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ឯកឧត្តមនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា យើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏គ្មានមានន័យអ្វីដែរ។

ឯកឧត្តម ជា ច័ន្ទបរិបូណ៍ បន្ថែមថា អ្វីដែលសំខាន់ក្នុងគោលដៅចំពោះមុខនេះ គឺយើងត្រូវមានមហិច្ឆតារួមគ្នា ដោយសហព័ន្ធមានគោលការណ៍ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេសគឺកីឡាករត្រូវតែមានមហិច្ឆតាដូចគ្នា ក្នុងការសម្រួចឆន្ទៈប្រកួតដណ្តើមមេដាយយកមកជូនជាតិ ដូចគ្នា។ ដូច្នេះសហព័ន្ធ និងកីឡាករ ត្រូវខិតខំរួមគ្នា ដើម្បីឈានដល់លទ្ធផលដ៏គាប់ប្រសើរណាមួយ សម្រាប់ជាតិ។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានលើកទឹកចិត្តជូនដល់កីឡាករទាំងអស់ថា គប្បីត្រូវប្រឹងប្រែងឱ្យខ្លាំងក្លា ពីព្រោះម្ចាស់មេដាយដែលដណ្តើមពីការប្រកួតពិភពលោក ឬស៊ីហ្គេម នឹងទទួលបានការលើកទឹកចិត្តពិសេស ពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ការខិតខំអស់ពីសមត្ថភាព គឺជាមោទនភាពរបស់យើងទាំងអស់គ្នា៕

ប្រភព៖​ ក្រសួងព័ត៌មាន