លោកឧកញ៉ា ទៀ វិចិត្រ ៖ Mafiya’s Resort កោះរ៉ុង ពិតជាមានកិត្តិយសបំផុត ដែលបានចូលរួមជាចំណែក ក្នុងការទទួលស្វាគមន៏ សម្រាប់កម្មវិធីទេសចរណ៍អាស៊ាន ឆ្នាំ២០២២

153

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា Mafiya’s Resort កោះរ៉ុង ពិតជាមានកិត្តិយសបំផុត ដែលបានចូលរួមជាចំណែក ក្នុងការទទួលស្វាគមន៏ សម្រាប់កម្មវិធីទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ដែលភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកស្នាក់នៅ និងទទួលទានអាហារនៅទីនេះ ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍បន្ថែមថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំវេទិកាទេសចរណ៍អាស៊ាន បានអញ្ជើញធ្វើដំណើរទស្សនកិច្ច នៅរមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ Mafiya’s Resort កោះរ៉ុងនិងទទួលទានអាហារ នៅទីនោះផងដែរ។

ក្នុងនាមប្រតិបត្តិករទេសចរណ៍មួយរូប លោកឧកញ៉ា ទៀ វិចិត្រ ដាក់ការសង្ឃឹមថា តាមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងនោះក៍មានខេត្តព្រះសីហនុដែរ នឹងទទួលបានឱកាសដ៏សំខាន់ អំពីគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាល ជំងឺកូវីដ១៩ អស់ពេលជាង២ឆ្នាំមកនេះ ហើយព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយើង ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ប្រតិភូអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលចូលរួម យកព័ត៍មានពីព្រឹត្តិការណ៍នេះ បានដើរកម្សាន្ត តាមគោលដៅសំខាន់ៗ នៅខេត្តព្រះសីហនុ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ក្នុងឱកាសរៀបចំវេទិកា ទេសចរណ៍អាស៊ាន ម្ចាស់ផ្ទះកម្ពុជាបានរៀបចំ ដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិ ទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅ ទេសចរណ៍ដល់ភ្ញៀវទេសចរ និងដើម្បីបង្កើននូវកិច្ចសហប្រតិការ រវាងដៃគូពាក់ព័ន្ធផងដែរ។ ដំណើរកម្សាន្តដែលធ្វើឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានគណៈប្រតិភូ ATF និងមន្រ្តីក្រុមការងារពាក់ព័ន្ធចូលរួម សរុបចំនួន៨២នាក់ រួមមាន គណៈប្រតិភូមកពីប្រទេសឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មានជាតិ-អន្តរជាតិ និងអង្គការ Swisscontact។ គោលដៅកម្សាន្តនាឱកាសនោះ រួមមាន កោះថាស កោះសង្សារ កោះឋានសួគ៌ (ម៉ាហ្វីយ៉ា រីស្សត) រមណីយដ្ឋាន Royal Sands Resort និងកោះរ៉ុងសន្លឹម នៃទឹកដីខេត្តព្រះសីហនុ៕

អត្ថបទនិងរូបភាពដោយ៖ វុន សុខជា