TUNIS,​ Jan​ 19​ (Reuters)​ -​ ក្រុម​សកម្មជន​ និង​គណបក្សប្រឆាំង​សំខាន់​ Ennahda​ បាន​និយាយ​ថា​ កាលពី​ថ្ងៃ​ពុធ​ បុរស​ជនជាតិ​ទុ​យ​នី​ស៊ី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ដោយសារ​របួស​ដែល​បង្ក​ឡើង​ដោយ​នគរបាល​ ដែល​ជា​ការ​ស្លាប់​ជា​លើក​ដំបូង​ដែល​ទាក់ទង​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់​អំណាច​បន្ថែម​របស់​ប្រធានាធិបតី​ Kais​ Saied​ ។​
​តុលាការ​ទុ​យ​នី​ស៊ី​ដែល​ស៊ើបអង្កេត​ការ​ស្លាប់​នោះ​បាន​និយាយ​ថា​ កាលពី​ថ្ងៃ​សុក្រ​ បុរស​ម្នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ស្ថានភាព​សន្លប់​នៅ​លើ​ផ្លូវ​ Mohamed​ V​ ក្នុង​រដ្ឋធានី​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​។​ ប៉ុន្តែ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​តុលាការ​មិន​បានឱ្យ​ដឹង​ថា​តើ​បុរស​នោះ​ជា​បាតុករ​ម្នាក់​ ឬ​មិនមែន​នោះ​ទេ​។​
​តុលាការ​បាន​និយាយ​ថា​ សាកសព​បុរស​នោះ​គ្មាន​ស្លាកស្នាម​ដែល​បន្សល់​ពី​អំពើ​ហិង្សា​ទេ​ ហើយនឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​គ្រូពេទ្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ ។​ ដោយ​បាន​បន្ថែម​ថា​ បាន​បើក​ការ​ស៊ើបអង្កេត​។​
​ប៉ុន្តែ​មិន​មានការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ក្រសួងមហាផ្ទៃ​ទេ​។​
​ទោះជា​យ៉ាងណា​ក៏​ដោយ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ គណបក្ស​ឥ​ស្លា​ម​ Ennahda​ បាន​និយាយ​ថា​ លោក​ Ridha​ Bouziane​ ដែល​ជា​សមាជិក​ម្នាក់​របស់​ខ្លួន​ បាន​ទទួល​រង​អំពើ​ហឹ​ង្សា​ធ្ងន់ធ្ងរ​ ដែល​បណ្តាល​ឱ្យ​ហូរ​ឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​៕

ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ