ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនក្រុមហ៊ុនចំនួន២ បន្ថែមទៀត ដែលសរុបទុនវិនិយោគប្រមាណជាង ៣០០ លានដុល្លារ និងបង្កើតការងារថ្មីជាង២ពាន់កន្លែង។

យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដំណាំចេករបស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែល មានទីតាំងវិនិយោគស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង។

ដោយឡែកតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោង វិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន