ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ សូម​បកស្រាយ​បំភ្លឺ​ដល់​សាធារណៈជន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ និង​សារព័ត៌មាន​ស្នាដៃ​កូន​ខ្មែរ​ ដែល​បាន​ចុះ​ផ្សាយ​ពី​លោក​ ម៉ោ​ញ​ មាត្រា​ ដែល​ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ដែល​បាន​ប្រើប្រាស់​អំណាច​ ដើរ​សម្លុត​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ និង​លោក​ ធាង​ ឡេ​ង​ អធិការ​នគរបាល​ស្រុក​វាល​វែង​ដែល​ល្បី​ធ្វើបាប​រាស្ត្រ​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​ណាស់​នៅ​លើ​ទឹកដី​ស្រុក​វាល​វែង​ ។​

​ក្រោយ​ពី​ក្រុមការងារ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ តាម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ ក្រុម​ប្រតិកម្ម​រហ័ស​ សូម​ជម្រាប​ជូន​ថា​ តាម​ការ​បំភ្លឺ​របស់​លោក​ សេង​ សា​រុំ​ លោក​ ម៉ក់​ គឹ​ម​ (​អតីត​កងទ័ព​)​ ដែល​មាន​ដី​នៅ​ចំណុច​អូរ​ដំណាក់​កន្សែង​ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ព្រមទាំង​លោក​ នី​ ចំរើន​ ភេទ​ ប្រុស​ អាយុ​៥២​ឆ្នាំ​ ជា​មេ​ភូមិ​ឧ​ប​សម្ព័ន្ធ​អូរ​ដំណាក់​កន្សែង​ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី​ តំណាង​អោយ​ ប្រជាពលរដ្ឋ​ទាំង​ ១៧​គ្រួសារ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ចំណុច​អូរ​ដំណាក់​កន្សែង​នោះ​ ពិតជា​មានការ​ពាក់ព័ន្ធ​ជាមួយ​លោក​ ម៉ោ​ញ​ សាន​ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ប្រពន្ធ​ឈ្មោះ​ វ៉ា​ គៀវ​ និង​ ឈ្មោះ​ ទេព​ ធំ​ ភេទ​ ស្រី​ ប្រាកដ​មែន​ ។​

​ចំណែក​ឈ្មោះ​ ម៉ោ​ញ​ មាត្រា​ ដែល​ជា​កូនបង្កើត​របស់​លោក​ ម៉ោ​ញ​ សាន​ គឺជា​អ្នកគ្រប់គ្រង​ និង​ថែរក្សា​ដី​បន្ត​ពី​ឪពុក​ម្តាយ​របស់​ខ្លួន​ប៉ុណ្ណោះ​ ហើយ​អាច​មាន​ពាក់ព័ន្ធ​ជាមួយ​លោក​ ធាង​ ឡេ​ង​ ជា​អ្នក​នៅ​ពីក្រោយ​ ព្រោះ​គាត់​ជា​មេ​របស់​លោក​ ម៉ោ​ញ​ មាត្រា​ ។​ ចំពោះ​ដី​ទំនាស់​រវាង​ឈ្មោះ​ ទេព​ ធំ​ ដែល​ជា​ម្តាយមីង​របស់​លោក​ ម៉ោ​ញ​ មាត្រា​ ជាមួយ​ឈ្មោះ​ ភឿន​ រស់​ និង​ប្រពន្ធ​ឈ្មោះ​ ឈឹ​ម​ សុ​ម៉ា​លី​ (​ដី​មាន​ដីការ​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្តពោធិ៍សាត់​)​ ជា​សមត្ថកិច្ច​របស់​តុលាការ​ ។​ បញ្ហា​ទំនាស់​ដីធ្លី​ខាងលើ​នេះ​ វា​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី​ មន្ទីរ​សុរិយោដី​ ឬ​ភូមិបាល​ស្រុក​ និង​តុលាការ​ សមត្ថកិច្ច​យើង​ជា​នគរបាល​ត្រូវ​ចូលរួម​សហការ​តែ​ប៉ុណ្ណោះ​។​

​ចំពោះ​លោក​ ម៉ោ​ញ​ មាត្រា​ និង​លោក​ ធាង​ ឡេ​ង​ គណៈ​ស្នងការ​នគរបាល​ខេត្ត​ បាន​រៀបចំ​ក្រុមការងារ​ ចុះ​ត្រួតពិនិត្យ​ស្រាវជ្រាវ​បន្ត​ ។​ ក្នុង​ករណី​ ស្រាវជ្រាវ​រក​ឃើញ​ និង​មាន​ឯកសារ​គាំទ្រ​ច្បាស់លាស់​ថា​ មន្ត្រី​នគរបាល​ដែល​មានឈ្មោះ​ខាងលើ​ ពិតជា​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​មែន​ ថ្នាក់ដឹកនាំ​នឹង​អនុវត្ត​តាម​វិន័យ​កងកម្លាំង​០០៦​ ជា​ដាច់ខាត​ ។​

​បន្ថែម​ពី​នេះ​ទៅ​ទៀត​ បច្ចុប្បន្ន​នេះ​ ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​ បាន​ដាក់​បទបញ្ជា​ មិន​ឲ្យ​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ជាប់​ពាក់ព័ន្ធ​ ឬ​នៅ​ពីក្រោយ​ បទល្មើស​នានា​ ជា​ពិសេស​បញ្ហា​ដីធ្លី​ ។​

​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ សូម​ថ្លែងអំណរគុណ​ ទទួល​មតិ​សាធារណៈជន​ និង​អ្នក​សារព័ត៌មាន​ ដែល​បាន​ចូលរួម​ផ្តល់​ព័ត៌មាន​ ឬ​ រិះគន់​ ក្នុង​ន័យ​ស្ថាបនា​កែ​លម្អរ​ ដល់​កងកម្លាំង​នគរបាល​ជាតិ​ដែល​ជា​អ្នក​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ៕​ សូម​អរគុណ​ !!!

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ