ភ្នំពេញ​ ៖​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចេញ​បង្ក្រាប​ចាប់ខ្លួន​ក្មេង​ទំនើង​រហស​ស្សនាម​ LCH​ចំនួន​០២​នាក់​ ក្នុង​ចំណោម​បក្ខពួក​១៣​នាក់​ ដែល​បាន​ជិះ​ម៉ូតូ​០១​ក្រុម​ធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅ​លើ​ក្មេង​ទំនើង​រង​គ្រោះ​រហស្សនាម​ TL​ ដែល​មាន​គ្នា​០២​នាក់​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​០១​នាក់​ ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​០២​ក្រុម​ជិះ​ម៉ូតូ​ជួប​គ្នា​នៅ​លើ​ផ្លូវ​សាធារណៈ​០១​កន្លែង​នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​មុខ​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត​ ផ្លូវជាតិ​លេខ​៤​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២២​ ។​

​ក្មេង​ទំនើង​បង្ក​ទាំង​២​នាក់​ឈ្មោះ​ វ៉េ​ង​ហ៊ាន​ គី​ម​ហ៊ា​ង​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​មុខរបរ​សិស្ស​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​ឈ្មោះ​ កៅ​ វិច្ឆិកា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្ស​មាន​ទីលំនៅ​ផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ប្រាប់​ឱ្យ​ដឹង​ថា​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២២​ មាន​ករណី​ អំពើ​ហិង្សា​ព្រួត​គ្នា​យក​ដុំ​ថ្ម​ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ គប់​ និង​កាប់​លើ​ជន​រង​គ្រោះ​០១​នាក់​ បណ្តាល​ឱ្យ​រយះ​បបូរមាត់​ និង​ចំ​ខ្នង​ដាច់​រយះ​ ដេរ​អស់​១៨​ថ្នេរ​ រង​របួស​ជា​ទម្ងន់​ និង​បែកក្បាល​ម៉ូតូ​ ។​

​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បង្កហេតុ​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ចេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ ក៏​បាន​ចុះ​ស្រាវជ្រាវ​ និង​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​បង្ក​០២​នាក់​ ចំណែក​បក្ខពួក​ផ្សេង​ទៀត​ រត់គេច​ខ្លួន​បាត់​អស់​ ។

ករណិនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​ ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ