ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១០ និង២៣នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក  ខេត្តបន្ទាយមានជ័យ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះចំនួន ១៨គ្រាប់ ខណៈពេលទៅភ្ជួរស្រែ នៅខាងកើតភូមិចម្ងាយ ១,០០០មែត្រ រួចបានរាយការណ៍ឲ្យនគរ​បាលប៉ុស្តិ៍ ដើម្បីមានវិធានការបញ្ចៀសការគ្រោះថ្នាក់ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ៖ ប្រជាពលរដ្ឋជាម្ចាស់ស្រែឈ្មោះ ស៊ាំង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា ៖ តាមការបំភ្លឺពីប្រជាពលរដ្ឋជាម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែលបានភ្ជួរស្រែនោះ គាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែគាត់ក៏បានយកត្រាក់ទ័រមកភ្ជួរវៀលដីដំបូកក្នុងស្រែមានដីកាន់តែធំ ក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំ ។

គ្រាប់យុទ្ធភ័ណ្ឌទាំងនោះមាន ៖
១-ប្រ​ភេទដេកា៨២ចំនួន១៥គ្រាប់,
២-ប្រភេទមីន៦៩ចំនួន១គ្រាប់,
៣-ប្រភទ៦០មមចំនួន២គ្រាប់ ។

ក្រោយមកនគរបាលប៉ុស្តិ៍ ក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាក ដើម្បីពិនិត្យ និងយកទៅកំទេចចោល ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ