ធ្លាប់ជួញដូរគ្រឿងញៀនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបរយៈ៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

170

បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ធ្លាប់ជួញដូរគ្រឿងញៀនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបរយៈ៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា៖ បន្ទាប់ពីប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៦ក្បែរស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់ស្វាយ សង្កាត់កំពុង់ស្វាយ ក្រុងសិរីសោភ័ណ និងទទួលបាននូវបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងដំបូងខេត្តបន្ទាយមានជ័យ។

លោកបានដឹកនាំកម្លាំង នគរបាលការិយាល័យជំនាញ ប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការដល់ទីតាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ម្នាក់ឈ្មោះ វ៉ុន  ពិសី ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមុខសញ្ញាជួញដូរនិងម្នាក់ទៀតឈ្មោះ ឡាយ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា ជាមុខសញ្ញាប្រើប្រាស់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ សមត្ថកិច្ចដកហូតវត្ថុតាងនិងសម្ភារៈជាក់ស្តែងមាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន០២កូនថង់ទម្ងន់៣៧.៧៣ក្រាមថ្លឹងទាំងសំបក,ទូរសព្ទដៃ១គ្រឿង។ ឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ វ៉ុន ពិសី បានសារភាពថា៖ គេធ្លាប់ប្រករបររកស៊ីជួញដូរគ្រឿងញៀននេះ រយៈពេល៣ឆ្នាំមកហើយ គឺរកស៊ីនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ៕

ប្រភព៖ សៅនៅ