សៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមនៅហ្នឹងកន្លែងកើតហេតុ ករណីបាក់រលំជើងស៊ីទែនទឹកសង្កត់ នៅចំណុចរោងចែកចាយបណ្តាញប្រពន្ធ័ទឹកជូនអាជីវករលក់ដូរពេលរសៀល តាមដងផ្លូអង្គរព្យុងយូ (ផ្លូវ៦០ម៉ែត្រ) ស្ថិតនៅក្រុមទី០៩ ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កាលពីវេលាម៉ោង១៣និង៣០នាទី ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ(សព)ឈ្មោះ ណម សុនឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹក មានទីលំនៅភូមិត្នាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យោងតាមការពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញស្ថិតនៅជិតរោងលក់ស៊ុបតាមបណ្តោយផ្លូវ៦០ម៉ែត្រ(អង្គរព្យុងយូ)ជាកន្លែងដំឡើងស៊ីទែនទឹកសំរាប់លក់ចែកចាយអោយអាជីវករលក់ដូរ។ ជើងស៊ីទែនទឹក សង់អំពីដែកV ៤x៤ មានបណ្តោយ២,២០ម៉ែត្រនិងទទឹង១,១០ម៉ែត្រ កំពស់៣ម៉ែត្រ ចុះណុះទឹក២០០០លីត្រ ជើងស៊ីទែនជាប្រភេទដែកចាស់ៗ។

ការពិនិត្យស្លាកស្នាមៈ ផ្នែកក្បាល ស្នាមក្បាលខាងក្រោយបែកហើមប៉ោង ជាស្នាមស៊ីទែនទឹកសង្កត់លើ, ផ្នែកដងខ្លួននិងអវយវៈមានស្ថានភាពធម្មតា។ យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និងការពិនិត្យសាកសព ស្លាប់ដោយរបួសក្បាលធ្ងន់ធ្ងរ(ស៊ីទែនទឹកសង្កត់លើ)។ ក្រោយពិនិត្យនិងធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ