​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ញៀន​សហការ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន

204

ពោធិ៍សាត់​ ៖​ ដោយ​អនុវត្ត​ជា​ប្រចាំ​តាម​បទបញ្ជា​និង​មតិ​ចង្អុល​ការ​របស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ កម្លាំង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលាប​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ហែម​ មុនី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​២៧​ខែមករា​ឆ្នាំ​២០២២​ វេលា​ម៉ោង​៣​និង​១៧​នាទី​រសៀល​ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​បាន​នាំ​ឈ្មោះ​ ថោ​ង​ សុ​ផាត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​អាត់​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​ ដែល​កម្លាំង​អធិការដ្ឋាន​ស្រុក​បាកាន​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦​ខែមករា​ឆ្នាំ​២០២២​កន្លង​ទៅ​ មក​សួរនាំ​ដើម្បី​ស្រាវ​រកមុខ​សញ្ញា​បន្ត​ ហើយ​បាន​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ដួង​ ម៉ា​រ៉ា​ ហៅ​ថា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ នៅ​ចំណុច​ព្រៃរបោះ​ខាងជើង​ផ្ទះ​ជនសង្ស័យ​ ។​

​លោក​វរសេនីយទោ​ សុខ​ មេ​សា​ អធិការរង​នគរបាល​ក្រុង​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​បង្ក្រាប​នៅ​ចំណុច​ទីតាំង​ខាងលើ​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ ០២​ កញ្ចប់​ ទម្ងន់​១៣.៦៩g,​ ថ្នាំ​គ្រាប់​ w.y​ ចំនួន​ ១២​ គ្រាប់​ ទម្ងន់​ ១.១៧g,​ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ចំនួន​០១,​ ទូរស័ព្ទ​ចុច​ពិល​ ០២​គ្រឿង​,​ កូន​ថង់​សំរាប់​រំលែក​ថ្នាំ​មួយ​ចំនួន​,​និង​ម៉ូតូ​ចំនួន​ ០១​ គ្រឿង​ ។​

​លោក​អធិការរង​បាន​បន្ត​ថា​ ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​បង្ក្រាប​មុខសញ្ញា​នៅ​ហ្នឹង​កន្លែង​រួច​មក​ក៏​បាន​សុំ​គោលការណ៍​ទៅ​ឯកឧត្តម​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ បន្ត​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ជនសង្ស័យ​ខាងលើ​នេះ​ដោយ​បាន​ដកហូត​បាន​វត្ថុ​តាង​បន្ថែម​ទៀត​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​ ទម្ងន់​ ៤.១៤g,​ បំពង់​សម្រាប់​ចូក​ថ្នាំ​ចំនួន​មួយ​កំណាត់​,​និង​កូន​ថង់​សំរាប់​រំលែក​ថ្នាំ​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ