ស្ថានីយិ៍ផលិតពូជត្រី ៧មករា ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតត្រីប្រាអនាម័យ នាំចេញទៅប្រទេសចិន

226

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ជាថ្ងៃទី៣ សម្រាប់កិច្ចប្រជុំពិភាក្សាវាយតម្លៃតាមរយៈវីឌីអូ លើអនាម័យ និងគុណភាពត្រីប្រាកម្ពុជា ដែលនឹងនាំចេញទៅកាន់ប្រទេសចិន។

ក្នុងកិច្ចប្រជុំពិភាក្សានោះផងដែរ មានការចូលរួមពីក្រុមការងាររបស់រដ្ឋបាលជលផល និងប្រតិភូអគ្គរដ្ឋបាលគយ នៃប្រទេសចិន ដោយបានពិភាក្សាអំពីការត្រួតពិនិត្យ និងវាយតម្លៃលើកសិដ្ឋានវារីវប្បកម្មត្រីប្រា នៅស្ថានីយិ៍ផលិតពូជត្រី ៧មករា របស់លោក វ៉ិត ធារិទ្ធ ដែលជាម្ចាស់គ្រប់គ្រងស្ថានីយិ៍ផលិតពូជត្រី មានទីតាំងស្ថិតនៅក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

បើតាមការឲ្យដឹងពីលោក វ៉ិត ធារិទ្ធ ដែលជាម្ចាស់គ្រប់គ្រងស្ថានីយិ៍ផលិតពូជត្រី ៧មករា បានឲ្យដឹងថា៖ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាវាយតម្លៃ លើអនាម័យ និងគុណភាពត្រីប្រាកម្ពុជា របស់ខាងភាគីចិន អស់រយៈពេល ៣ថ្ងៃ រួចមក ខាងប្រតិភូអគ្គរដ្ឋបាលគយ នៃប្រទេសចិន បានចាប់អារម្មណ៍ទៅលើ កសិដ្ឋានចិញ្ចឹមត្រីចំនួន ៣ ក្នុងចំណោមនោះ គឺមានស្ថានីយិ៍ផលិតពូជត្រី ៧មករា ផងដែរ ដែលភាគីចិននឹងសម្រេចអនុញ្ញាតឱ្យត្រីប្រារបស់កសិដ្ឋានទាំង ៣នេះ អាចនាំចូលទៅកាន់ប្រទេសចិនបាននាពេលអនាគត ។ លោកបន្តទៀតថា បើតាមការជូនដំណឹងរបស់ អគ្គរដ្ឋបាលគយ នៃប្រទេសចិន តាមរយៈស្ថានទូតចិន គឺខាងភាគីចិនគេចង់ឲ្យកសិដ្ឋានចិញ្ចឹមត្រីទាំង ៣ខាងលើនេះ កែតម្រូវនូវលក្ខណៈបច្ចេកទេសដែលគេចង់បានមួយចំនួន ហើយកសិដ្ឋាននីមួយៗត្រូវរៀបចំឯកសារឲ្យបានមុនថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនឯកសាររបស់កសិដ្ឋានទាំង៣ ទៅកាន់ស្ថាប័នអគ្គរដ្ឋបាលគយ នៅប្រទេសចិន ដើម្បីត្រួតពិនិត្យ និងសម្រេចជាផ្លូវការ ។

ចំពោះលោក វ៉ិត ធារិទ្ធ ដែលជាម្ចាស់គ្រប់គ្រងស្ថានីយិ៍ផលិតពូជត្រី ៧មករា ពិតជាសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះអគ្គរដ្ឋបាលគយ នៅប្រទេសចិន ដែលបានចាប់អារម្មណ៍ និងឲ្យតម្លៃ ទៅលើកសិដ្ឋានចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា ហើយលោកនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការកែតម្រូវនូវចំណុចបច្ចេកទេសមួយចំនួនក្នុងស្ថានីយ៍ចិញ្ចឹមត្រីរបស់លោក យ៉ាងយកចិត្តទុកដាក់បំផុត ធ្វើយ៉ាងណាផ្តោតសំខាន់ទៅលើអនាម័យ និងគុណភាព ដែលខាងភាគីចិនចង់បាន ដោយរំពឹងយ៉ាងមុតមាំថា កម្ពុជាយើង នឹងមានឱកាសផលិតត្រីប្រាអនាម័យ ដែលមានគុណភាពខ្ពស់ នាំចេញទៅប្រទេសចិន នាពេលខាងមុខឆាប់ៗនេះ ៕

ដោយ៖ CAM ASIA NEWS