ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ «នាងខ្ញុំសូមជំរាបសួរលោកឯកឧត្តម ជាទីគោរព សូមរាយការណ៍ជាព័ត៌មាន មានទីតាំងល្បែងមួយកន្លែងស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានបើកល្បែងជាច្រើនមុខយូរមកហើយ មានដូចជា ល្បែងឡូតូ ល្បែងបៀ ល្បែងប៊ូលភ្នាល់ដាក់លុយ ហើយលឺថាជិតនឹងដាក់ល្បែងជល់មាន់តាមអនឡាញ បន្ថែមទៀត អ្នកស្រុកភូមិឃើង ដឹងលឺ គ្រប់ៗគ្នា ប៉ុន្តែមិនឃើញសមត្ថកិច្ចចុះបង្រ្កាបទាល់តែសោះ មិនដឹងថាមូលហេតុអ្វីនោះទេ សូមផ្តល់ជាព័ត៌មាន ដោយសុំមិនបញ្ចេញឈ្មោះ សូមអរគុណ» ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្ត បានចាត់ឲ្យអធិការដ្ឋាននគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖នៅអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០នាទីព្រឹក លោកអធិការ បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវដល់ទីតាំងខាងលើ រួមមាន៖
១-ទីតាំងកន្លែងលេងប៊ូល បានកិច្ចសន្យាមិនឲ្យជួបជុំគ្នាច្រើន និងមិនឲ្យមានការភ្នាល់ដាក់លុយ(ជាពិសេសល្បែងស៊ីសងខុសច្បាប់)
២-ទីតាំងឆ្នោតឡូតូ គឺជារបស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ មានអាជ្ញាប័ណ្ណស្របច្បាប់។
៣-ចំពោះល្បែងភ្នាល់មាន់តាមអនឡាញ គឺពុំមានបើកលេងភ្នាល់ក្នុងទឹកដីឃុំកំពង់ភ្នំទេ។

បន្ទាប់មកសមត្ថកិច្ចបានណែនាំម្ចាស់ទីតាំងបន្ថែមអោយចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ