ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង ៩ និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (ច្រកអន្តរជាតិ ត្រពាំងគ្រៀល កម្ពុជា-ឡាវ)។

ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនព្រមទាំងដកហូតប្រភេទម្សៅក្រាមសចំនួន១០កញ្ចប់ធំប្រមាណជិត១០គីឡូក្រាមសង្ស័យសារធាតុញៀន ។

ជនសង្ស័យរូបនេះមានឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ ជនជាតិជាតិឡាវ រស់នៅភូមិថាកាំង ស្រុកបុនខេត្តចំប៉ាសាក ប្រទេសឡាវ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ករណីជួញដូរសារធាតុខុសច្បាប់ ដោយលួចដឹកចូលកម្ពុជា តាមព្រៃ មកដល់ចំណុចខាងលើ ហើយសមត្ថកិច្ចបានឃាត់ខ្លួនត្រួតពិនិត្យ ហើយបានរកឃើញវត្ថុតាង ម្ស៉ៅក្រាមស ថ្លា សង្ស័យ សារធាតុញៀនចំនួន១០កញ្ចប់ធំ សរុបចំនួន ៩៨៦៦.៥៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវរូបនេះ រួមវត្តុតាង បានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីពិនិត្យជាក់ស្តែង និងកំពុងបន្តសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការទៅតាមផ្លូវច្បាប់៕