ក្រុងព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យប្រព័ន្ធលូ អូរប្រឡាយ និងស្ពាន នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ជាមួយនឹងសកម្មភាពនៃការចុះត្រួតពិនិត្យវឌ្ឍនភាព និងស្ថានភាពជាក់ស្ដែងប្រព័ន្ធប្រឡាយបង្ហូរទឹកនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ
បានសង្កត់ធ្ងន់ទៅលើស្ពានសំខាន់ៗចំនួន០៥ទីតាំង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួមមាន ៖

-អូរប្រឡាយអូរពីរ នៅមុខសាលាក្រុងព្រះសីហនុ
-ការដ្ឋានស្ពានលូអូរមួយ
-អូរប្រឡាយ និងស្ពាន L.V
-អូរប្រឡាយ និងស្ពានអង្គការម្លប់តាប៉ាង
-អូរប្រឡាយ និងស្ពានអូរស្តេចមឹក

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ទីតាំងខាងលើ គឺតែងរងនូវបញ្ហាប្រឈមដោយការជន់លិចនៅរដូវវស្សានាពេលកន្លងមក ដូច្នេះហើយទើបរដ្ឋបាលខេត្តបានប្រើប្រាស់កញ្ចប់ថវិកាជាតិឆ្នាំ២០២១ ដើម្បីរៀបចំស្ថាបនា និងស្តារទីតាំងទាំងនោះឱ្យបានធំទូលាយទៅតាមនិយាមកា ដើម្បីឱ្យលំហូរទឹកបានលឿនកាត់បន្ថយការជន់លិចរយៈពេលវែងនៅពេលមានភ្លៀងធំម្តងៗ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់ក្រុមការងារត្រូវពន្លឿនការងារស្ថាបនាការដ្ឋានសាងសង់ឱ្យបានលឿនមុនពេលរដូវវស្សាចូលមកដល់ និងបានណែនាំមន្ត្រីជំនាញធ្វើការបំពាក់អំពូលភ្លើងសាធារណៈនៅតាមស្ពាន និងផ្លូវប្របអូរប្រឡាយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ផងដែរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កុំបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលទៅក្នុងអូរប្រឡាយដែលបង្កឱ្យមានការកកស្ទះ បណ្ដាលឱ្យមានការជន់លិចលំនៅឋាន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវនានាក្នុងក្រុងព្រះសីហនុរបស់យើង៕