ក្រចេះ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្ពានចំនួន០៥កន្លែងស្ថិតក្នុងខេត្តក្រចេះ នៅតាមបណ្ដោយផ្លូវ ៧៣ ។

ស្ពានទាំង៥ដែលនឹងត្រូវដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះរួមមាន៖ ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ដែលស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ។ ជាសរុបស្ពានទាំង៥មានប្រវែងរហូតទៅដល់ ៤៦០ម៉ែត្រ។

ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ ៧៣នេះ រដ្ឋបាលខេត្តក្រចេះបានចេញសេចក្ដីប្រកាស អំពាវនាវអោយប្រជាពលរដ្ឋផ្លាស់ប្ដូរផ្លូវធ្វើដំណើរដោយកំណត់ថា អ្នកដែលធ្វើដំណើរចេញ-ចូលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី គឺត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧វិញ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគិតពីម៉ោង៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា ថវិការសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះទៅឆ្លូង នេះគឺបានមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។

គួររំលឹកថា ខេត្តក្រចេះគឺរាប់ចូលជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា និងជាខេត្តដែលស្ថិតក្នុងគោលដៅបង្កើតប៉ូលសេដ្ឋកិច្ចប៉ែកឦសានផងដែរ។ បើតាមប្រសាសន៍របស់សម្ដេចកាលពីពេលកន្លងទៅ សេដ្ឋកិច្ចបណ្ដាខេត្តប៉ែកឦសាននេះនឹងផ្ដោតសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលផ្ដោតលើការនាំចេញដំណាំសំខាន់ៗដូចជាកៅស៊ូ ស្វាយចន្ទី ម្រេច និងការកែច្នៃធនធានរ៉ែ ដែលថ្មីៗនេះកម្ពុជាទើបតែបានដំណើរការចម្រាញ់មាសលើកដំបូងនៅក្នុងខេត្តមណ្ឌលគិរី ដោយក្រុមហ៊ុនរបស់អូស្រ្តាលី និងទទួលបានលទ្ធផលគាប់ប្រសើរមួយ៕