បុរសម្នាក់ដុតម៉ូតូខ្លួនឯងចោល តាមដងផ្លូវសាធារណៈ បន្ទាប់ពីប៉ូ លីសចរាចរណ៍ធ្វើការឃាត់ដោយម៉ូតូមិនគ្រប់លក្ខណៈ ថែមទាំងបើកបរក្នុងស្ថានភាពស្រវឹង

237


ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅមុខពហុកីឡាដ្ឋានខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី គ្រាដែលកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋានខេត្ត ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជួ ប៊ុនថៃ នាយរងការិយាល័យ។ ចំណែកបុរសដែលស្រវឹងស្រាដុតម៉ូតូនោះ មានឈ្មោះ ម៉ូវ សុភា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។

ករណីនេះ មហាជនជាច្រើនបានលើកឡើងថា ដោយសារម៉ូតូនោះកញ្ចាស់ ហើយប៉ូ លីសអនុវត្តច្បាប់ ផាកពិន័យច្រើនពេក បុរសរូបនេះមិនមានលុយបង់ ទើបបានជាដុតម៉ូតូចោល។
ប្រភពព័ត៌មានបានឲ្យដឹងថា មានម៉ូតូវ៉េវពណ៌ខ្មៅមួយគ្រឿងបើកបរតែម្នាក់ឯង ក្នុងស្ថានភាពស្រវឹងគ្មានស្លាកលេខ គ្មានមួកសុវត្ថិភាព និងគ្មានកញ្ចក់ ធ្វើដំណើរដល់ចំណុចគោលដៅត្រួតពិនិត្យសមត្ថកិច្ចបានហៅម៉ូតូគាត់អោយឈប់ ដើម្បីធ្វើការផាកពិន័យ ព្រមទាំងធ្វើការ ណែនាំ ដោយឃើញស្ថានភាពគាត់ស្រវឹង សមត្តកិច្ចក៏អោយគាត់អង្គុយសិន ពេលនោះសមត្តកិច្ជកំពុងដោះស្រាយជាមួយអ្នកផ្សេង គាត់ចាំយូរពេកខឹង សមត្តកិច្ច ក៏ដកទុយោសាំងដុតម៉ូតូអោយឆេះខ្ទេចតែម្តង។
លោកវរសេនីយ៍ត្រី ជួ ប៊ុនថៃ នាយរងការិយាល័យ បានបន្តទៀតថា មន្ត្រី ជំនាញបាននាំខ្លួនបុរសស្រវឹងដុតម៉ូតូរូបនោះ មកការិល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្តជាតិស្រវឹង និងធ្វើតេស្តគ្រឿងញៀន។
ជាលទ្ធផល រកឃើញថា ១.មានជាតិអាកុលកំរិត០,៩៣៨mg/L ,២.គ្រឿងញឿនគ្មាន , ៣.ធ្វើកិច្ចសន្យា , ៤.ធ្វើលិខិតធានាអោយត្រឡប់ទៅផ្ទះវិញ។

យ៉ាង ណាក៏ដោយ បើទោះជាម៉ូតូរបស់បុរសរូបនេះត្រូវបានដុតចោលខ្ទេចក៏ដោយ ក៏ត្រូវមានទោសពីបទបញ្ជាយានយន្តលើផ្លូវសាធារណៈខុសលក្ខណបច្ចេកទេសច្បាប់ ចំណែកការបើកបរទាំងមានជាតិស្រវឹងអាចផាកពិន័យចាប់ពី៨០ម៉ឺន ដល់៤លានរៀល។ ប៉ុន្តែ ដោយហេតុថា បុរសរូបនេះ បានសារភាពថា ខ្លួនពិតជាមានកំហុស ហើយជាជនទីទាល់ក្រ ធ្វើសំណង់ ប្រពន្ធក៏មានកូនខ្ចីទៀតនោះ លោកស្នងការ ស្នងការរង បាន អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែធ្វើកិច្ចសន្យា និងឲ្យសារភាពទោសកំហុសជាសាធារណៈ តែប៉ុណ្ណោះ៕